ព័ត៌មានជាតិ

តុលាការផ្តន្ទាទោស នគរបាលសក្តិ៣ម្នាក់ ដាក់គុក១ឆ្នាំ អនុវត្ត ៦ខែ១៥ថ្ងៃ រឿង ដកកាំភ្លើងបាញ់មេឃ

ភ្នំពេញ: ដូចអ្វីដែលបានគ្រោងទុក នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នេះលោក ប៊ុន ធី ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការ ប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទឈ្មោះ ឡេង ធារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនគរបាល ពាក់ស័ក្តិ៣ ស្នាក់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដាក់ពន្ធនាគារកំណត់រយ:ពេល១ឆ្នាំ ដោយអនុវត្តត្រឹមតែ ៦ខែ១៥ថ្ងៃ ទោសដែលនៅសល់ត្រូវព្យួរធម្មតា ពីបទ កាន់កាប់ ឬដឹកជញ្ជូន អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្ដកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នៅចំណុចមុខសណ្ឋាគារហូលីឌេ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ យោងតាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា នៅក្នុងសវនាការកាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ ជនជាប់ចោទឈ្មោះ ឡេង ធារ៉ា បានទទួលស្គាល់ការចោទប្រកាន់របស់តុលាការ។

គួររំលឹកថា កាលពីវេលាទៀបភ្លឺថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ជនជាប់ចោទបើករថយន្តម៉ាក ឡិចស៊ីស LS450 ពណ៌ខ្មៅ មកដល់ចំណុចផ្លូវលេខ៧៥ កែងផ្លូវលេខ៨៤ ទល់មុខសណ្ឋាគារ ហូលីឌេ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏បានដកកាំភ្លើងបាញ់ឡើងចំនួន ៤គ្រាប់ បង្កការភ្ញាក់ផ្អើល និងត្រូវកម្លាំងសមត្ថកិច្ចអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនបានភ្លាមៗ៕

មតិយោបល់