ភ្នំពេញៈ សិប្បកម្មលីងនិងកិនកាហ្វេDAITHNHអត់ស្លាកយីហោមួយកន្លែងត្រូវបានកម្លាំងនគរបាលរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃចុះបង្ក្រាប ឆែកឆេរ ដោយសង្ស័យថាមានលាយសារធាតុគីមីហាមឃាត់ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព អ្នកទទួលទាន។
ហេតុការណ៍ចុះបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក រហូតដល់ម៉ោងប្រមាណជិត១រសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅតាំងសិប្បកម្ម ស្ថិតត្រង់ចំណុចភូមិឌួង ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
សមត្ថកិច្ចបាននាំខ្លួនម្ចាស់សិប្បកម្មនិងអ្នកលាយម្នាក់ បន្ទាប់ពី រកឃើញវត្ថុធាតុដើម រួមពោតសណ្តែតសៀងនិងសារធាតុផ្សំមួយចំនួន ទៀត ដែលសង្ស័យ ថា ជាសារធាតុគីមីខុសច្បាប់។
ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គមនៃក្រសួងមហាផ្ទៃនិងមានការចូលរួមសម្របសម្រួលពីលោក ងិនពេជ្រ ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញព្រមទាំង មានការចូលរួម មន្រ្តីកាំកុងត្រូល និងនគរបាលមូលដ្ឋាន ផងដែរ។
ម្ចាស់សិប្បកម្ម ដែលត្រូវសមត្ថកិច្ចនាំខ្លួន ឈ្មោះពៅ ចន្ធា ភេទស្រី អាយុ ៥៦ឆ្នាំ ស្នាក់នៅក្នុងសិប្បកម្មខាងលើ ។ចំណែក អ្នកលាយ ឈ្មោះសឿង ស្រីណា អាយុ ២៦ ឆ្នាំ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងការឆែកឆេរ នោះសមត្ថកិច្ចរកឃើញ មាន សារធាតុផ្សំ រួមមាន ពោត ឆៅនិងលីង ,សណ្តែកសៀង លីង ,ប៊ើ ,ខ្ទីះដូងព្រមទាំង សារធាតុ ផ្សំមួយចំនួន ទៀត ទាំងអស់ ចំនួន ១០មុខប្រមាណជាង៧តោន នឹងរថយន្តសម្រាប់ដឹកជញ្ជូនឲ្យម៉ូយមួយគ្រឿងម៉ាកស្តារិចពណ៍ទឹកប្រាក់ ពាក់ស្លាកភ្នំពេញ2P-4458។ ក្រៅពីនោះ មានឧបករណ៍ ផលិត រួមមាន ម៉ាស៊ីន លីង កាហ្វេ , ម៉ាស៊ីនកិន កាហ្វេ ចំនួន ៣គ្រឿង, ម៉ាស៊ីន វេចខ្ទប់ ចំនួន ១គ្រឿងសំបវេចខ្ទប់ ចំនួន ១៥០គីឡូក្រាម និង សំបក ធុង មួយ។
លោកឧត្តមសេនីយ៍ត្រី ទូច យុទ្ធា បានឲ្យដឹងថាដោយមានការស្រាវជ្រាវពីកម្លាំងនគរបាលជំនាញ សមត្ថកិច្ច មានការសង្ស័យទៅលើសិប្បកម្ម ខាងលើ ដែលពុំមានស្លាកយីហោហើយបានលីងកាហ្វេ ដោយទៅបោះឲ្យម៉ូយតែពេលយប់ ទើបសមត្ថកិច្ច ចុះឆែកឆេរតែម្តង។
ក្រោយឆែកឆេរួចសមត្ថកិច្ចបាននាំខ្លួនស្រ្តីជាថៅកែម្នាក់នឹងស្ត្រីម្នាក់ដែលជាអ្នកលាយការហ្វេរួមទាំងវត្ថុតាងទៅកាន់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គមនៃក្រសួងមហាផ្ទៃដើម្បីសួរនាំនិងចាត់ការទៅតាមនិតិវិធី៕
មតិយោបល់