ភ្នំពេញៈ សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួន ជនសង្ស័យម្នាក់ ជាចោរឆក់កាបូប ទៅតុលាការក្រុងភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
យោងតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យមានឈ្មោះ បៀវ ឈុនហេង ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ ចោរ ស្នាក់នៅផ្ទះលេខ១២ ផ្លូវ១១៦ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យត្រូវបាន សមត្ថកិច្ចជំនាញព្រហ្មទណ្ឌ ឃាត់ខ្លួន កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះជនសង្ស័យស្នាក់នៅខាងលើ។
សមត្ថកិច្ច បានស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ តាមពាក្យបណ្តឹងរបស់រងគ្រោះឈ្មោះ CHAO ZHANG ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិន ដែលត្រូវក្រុមជនសង្ស័យ មានគ្នា ០៤នាក់ ឆក់កាបូបយួរដៃ បាត់បង់សម្ភារសំខាន់ៗ លុយមួយចំនួនធំ និងទូរស័ព្ទដៃ iPhone X ០១គ្រឿង នៅចំណុចមុខផ្ទះលេខ៧ ផ្លូវសុធារស ភូមិទី៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨កន្លងទៅ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បញ្ជាក់ថា មន្ត្រីជំនាញបាន សន្និដ្ឋានចោទប្រកាន់លើជនសង្ស័យឈ្មោះ បៀវ ឈុនហេង ពីបទ លួចមានស្ថានទម្ងន់ទោស ដោយមានបក្ខពួកចំនួន ០៣នាក់ ទី១ឈ្មោះ តឺយ ពៅ ហៅ ពៅ,ទី២ឈ្មោះ យឹម ភារុណ ហៅ រុណ និងទី៣ឈ្មោះ មន្ត កំពុងរត់គេចខ្លួន៕
មតិយោបល់