ព័ត៌មានជាតិ

ជិះម៉ូតូបុករថយន្តពេញទំហឹងនៅផ្លូវបែកជាបួន បាក់ជើងម្នាក់របួសធ្ងន់

ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូម៉ាកនិចមួយគ្រឿង ដល់ផ្លូវបែកជាបួន មិនបន្ថយល្បឿន ក៏បានទៅបុករថយន្ត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ រីឯម្ចាស់ម៉ូតូរងរបួសបាក់ជើងខាងស្តាំត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៣២៨ កែងផ្លូវ១៩៣ សង្កាត់ ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តក៉ូរ៉ូឡា ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2K-2759 បើកបរដោយបុរសម្នាក់ទិសដៅពីត្បូងទៅជើង ដល់ផ្លូវបែកជាបួនស្រាប់តែមានម៉ូតូម៉ាកនិច ពណ៌ក្រហមលាយខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ក្រចេះ 1D-9327 បើកបរដោយបុរសម្នាក់ ទិសដៅពីលិចទៅកើត ស្រាប់តែបុករថយន្តពេញទំហឹង បណ្តាលឲ្យរថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ រីឯខាងភាគីម៉ូតូរងរបួសបាក់ជើងស្តាំត្រូវបញជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុ ឲ្យធ្វើការដោះស្រាយគ្នាហើយខាងភាគីម៉ូតូបានសងសំណងចំនួន២០០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

មតិយោបល់