ព័ត៌មានជាតិ

កាមរីបាឡែន ពន្លះម៉ូតូស្មាស់របួសធ្ងន់២នាក់ រថយន្តហោះទៅបុកទ្រូងផ្លូវ ក្រឡាប់២-៣ត្រឡប់

ភ្នំពេញ: បុរសម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តលឿនដូចហោះ បានជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យបុរស២នាក់រងរបួសធ្ងន់ រួចរថយន្តរេចង្កូតទៅបុកទ្រូងផ្លូវហោះទៅបុកបង្គោលភ្លើងបាក់១ដើម ក្រឡាប់២ទៅ៣ត្រឡប់ ម្ចាស់របួសស្រាល។

ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង១និង៣០នាទីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវវេងស្រេង ត្រង់ចំណុចភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2X-4594 បើកពីលិចទៅកើតក្នុងល្បឿនដូចហោះ ខណ:មកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូស្មាស់រ៉េវ៉ូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1P-8224 បើកដោយយុវជន២នាក់ស្របគ្នាពេញទំហឹង បណ្ដាលឲ្យម៉ូតូផ្លោងប្រហែល១៥ម៉ែត្រ រងរបួសធ្ងន់ ហើយរថយន្តរេចង្កូតហោះទៅបុកទ្រូងផ្លូវនិងបាក់បង្គោលភ្លើងបំភ្លឺផ្លូវ១ដើម ព្រមទាំងស្លាកចរាចរណ៍មួយដើមទៀត ហើយរថយន្តក្រឡាប់២ទៅ៣ត្រឡប់រងការខូចខាតស្ទើរទាំងស្រុង។

ក្រោយហេតុការណ៍អ្នករងរបួសត្រូវបានរថយន្តគ្លីនិចឯកជនដឹកយកទៅសង្គ្រោះ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅការិយាល័យចរាចរណ៍ជើងគោកស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់