ព័ត៌មានជាតិ

កម្លាំងនគរបាលខេត្តព្រះសីហនុ ចុះបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិនចំនួន០៦នាក់

ព្រះសីហនុៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំសម្របសម្រួល ដោយលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន កាលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ក្នុងនោះមានជនសង្ស័យជាជនជាតិចិន សរុបចំនួន០៦នាក់ ស្រីចំនួន១នាក់ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ នៅចំណុចសង្កាត់២ និងសង្កាត់៤ ក្រុង-ខេត្ដព្រះសីហនុ ។

ជនសង្ស័យដែលកម្លាំងនគរបាលជំនាញឃាត់ ខ្លួនបានមានអត្ដសញ្ញាណដូចខាងក្រោម៖
១-ឈ្មោះ YANG KUN ភេទប្រុស អាយុ ៣១ឆ្នាំ, ២-ឈ្មោះ CHEN YONG ភេទប្រុសអាយុ ៣៥ឆ្នាំ
៣-ឈ្មោះ ZHOU HONG ភេទស្រី អាយុ ៣៤ឆ្នាំ, ៤-ឈ្មោះ FANZHANG WEI ភេទប្រុស អាយុ ២៩ឆ្នាំ
៥-ឈ្មោះ HONG JIN HONG ភេទប្រុស អាយុ ៤៩ឆ្នាំ, ៦-ឈ្មោះ CHAO FENG ភេទប្រុស អាយុ ៣២ឆ្នាំ ។

សម្ភារៈវត្ថុតាងដកហូតបានរួមមាន៖ ១-ថ្នាំញៀន កេតាមីន ទំងន់ ៣៩២,៩៦ ក្រាម, ២-ថ្នាំញៀន Ice ទំងន់ ៤៦៨,៦៥ ក្រាម
៣-ថ្នាំញៀន WY ២៨៧គ្រាប់, ៤-កញ្ឆាក្រៀម ចំនួន២កញ្ចប់តូច, ៥-ថ្នាំដបពណ៌មាស ចំនួន២ដប
៦-ជញ្ជីងថ្លឹងថ្នាំ ចំនួន០១គ្រឿង, ៧-រថយន្ត ចំនួន០២គ្រឿង, ៨-ទូរសព្ទ័ ចំនួន១០គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ មានអត្ដសញ្ញាណខាងលើ កម្លាំងជំនាញបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ត កំពុងបន្ដសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់