ព័ត៌មានជាតិ

ផ្អើលទាំងកណ្ដាលយប់! ប្រជាពលរដ្ឋពទ្ធ័ចាប់ជនសង្ស័យដែលបម្រុងគាស់ផ្ទះលួចយកទ្រព្យសម្បត្តិ

ភ្នំពេញ: ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានប្រជាពលរដ្ឋឡោមព័ទ្ធចាប់បានប្រគល់ឲ្យសមត្ថកិច្ចជ្រោយចង្វារវាយខ្នោះ ក្រោយពីពួកគេធ្វើសកម្មភាពឡើងលើផ្ទះប្រជាពលរដ្ឋ បម្រុងគាស់យកទ្រព្យសម្បត្តិ ដោយបង្កការភ្ញាក់ផ្អើលទាំងកណ្ដាលអធ្រាត្រតែម្ដង នាវេលាម៉ោង១២ និង២០នាទីយប់ ឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នៅចំណុចលើផ្ទះប្រជាពលរដ្ឋ ខាងក្រោយវត្តចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ វូច អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅឯខេត្តព្រៃវែង ។

យោងតាមសម្ដីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេលឺសម្លេងប្រោកៗលើផ្ទះពលរដ្ឋ ពេលនោះក៏ឃើញជនសង្ស័យចំនួន៣នាក់ នៅកន្លែងលឺសម្លេងនោះ ហើយប្រជាពលរដ្ឋក៏បានស្រែកថាចោរៗតែម្ដង ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាច្រើន ធ្វើឲ្យក្រុមជនសង្ស័យភ័យស្លន់ស្លោ នាំគ្នារត់គេចខ្លួនរាងៗខ្លួន។ ពេលនោះមានជនសង្ស័យ២នាក់ បានរត់គេចខ្លួនបាត់ស្រមោល ឯជនសង្ស័យខាងលើ បានរត់ឡើងលើដំបូលផ្ទះប្រជាពលរដ្ឋ ហើយអស់ផ្លូវរត់ ក៏អង្គុយនៅលើដំបូលនិងកន្លែងតែម្ដង ដោយមិនហ៊ានចុះ ក៏មិនហ៊ានទៅណាដែរ ព្រោះពលរដ្ឋបានឡោមព័ទ្ធជិត ដោយនៅនិងដៃពួកគាត់មានដំបងគ្រប់ៗគ្នា រហូតសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ជ្រោយចង្វារមកដល់ ទើបជនសង្ស័យប្រគល់ខ្លួនឲ្យវាយខ្នោះតែម្ដង តែនៅពេលចុះមកដល់ខាងក្រោម ក៏ត្រូវប្រជាពលរដ្ឋស្វាគមន៍ម្នាក់មួយដៃ មួយជើង ទើបសមត្ថកិច្ចដឹកយកមកប៉ុស្ដិ៍ដើម្បីសួរនាំ ៕

មតិយោបល់