ព័ត៌មានជាតិ

ព្រះរាជអាជ្ញារង ងិន ពេជ្រ ដោះជនសង្ស័យម្នាក់ ពាក់ព័ន្ធរឿង ប៉ុនប៉ងរំលោភ កម្មការិនីរោងចក្រ

ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះថា ក្រោយពីសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនខ្លួន ទៅតុលាការ បុរសជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធករណី ប៉ុនប៉ងរំលោភសេពសន្ថវៈ កម្មការិនីរោងចក្រ ត្រូវបានលោក ងិន ពេជ្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោះសម្រេចដោះលែងឲ្យមានសេរីភាពវិញហើយ កាលពីចុងសប្តាហ៍កន្លងទៅ។

យោងតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យ ដែលលោកព្រះរាជអាជ្ញារង ងិន ពេជ្រ ដោះលែងនោះ មានឈ្មោះ ម៉ម កល្យាណ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ៥៩ ជាន់ទី១ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះ នៃការប៉ុនប៉ងរំលោភ មានឈ្មោះ ល.ស.ម ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ។

គួររំលឹកថា សមត្ថកិច្ចជំនាញព្រហ្មទណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យខាងលើ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨
បន្ទាប់ពីទទួលបានពាក្យបណ្តឹងស្ត្រីរងគ្រោះ។

ក្រោយឃាត់ខ្លួនសាកសួរ សមត្ថកិច្ចជំនាញបាន សម្រេចកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ជាលទ្ធផល គឺជនសង្ស័យត្រូវបាន លោកព្រះរាជអាជ្ញារង ងិន ពេជ្រ ដោះលែងឲ្យមានសេរីភាពវិញ តាមផ្លូវច្បាប់៕

មតិយោបល់