ភ្នំពេញៈ អនុវត្តន៍តាមគោលការកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ កាលពីថ្ងៃទី២០ ខែមិថុនានេះ បាននាំមន្រ្តីក្រោមឱវាទចុះទៅភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ ”ក” ស្រុកពាមរក៍ ខេត្តព្រៃ ដើម្បីចែកកូនឈើជូនពលរដ្ឋនៅសួនបណ្តុះកូនឈើសម្តេចតេជោ ហ៊ុន សែន អ្នកលឿងយកទៅដាំ។
ក្នុងពិធីនោះ លោក វេង សាខុន មានប្រសាសន៍គូសបញ្ជាក់ពីគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល លើការគ្រប់គ្រងធនធានធម្មជាតិ ក្នុងនោះមានព្រៃឈើ និងជលផលប្រកបដោយនិរន្តរភាព។ ចំពោះព្រៃឈើ គឺមានកម្មវិធីដាំឈើ ដែលរួមបញ្ចូលនូវការលើកទឹកចិត្តប្រជាពលរដ្ឋចូលរួមក្នុងការដាំដើមឈើ ដើម្បីលើកស្ទួយជីវភាពសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ រក្សាលំនឹងបរិស្ថាន និយតភាពប្រភពទឹក និងកាត់បន្ថយការឡើងកម្ដៅនៃភពផែនដីជាដើម។
លោករដ្ឋមន្រ្តីលើកឡើងថា “ការអនុវត្តនូវកម្មវិធីខាងលើនេះ យើងមានថ្នាល សួនបណ្តុះកូនឈើ ដើមឈើព្រៃ និងដើមឈើហូបផ្លែចំនួន៦២នៅទូទាំងប្រទេសដែលផលិតកូនឈើបាន៩២លានដើម ដើម្បីយកទៅដាំដុះនិងចែកជូនប្រជាជនដាំដុះ”។ ដោយឡែកសួនបណ្តុះកូនឈើសម្តេច ហ៊ុន សែន អ្នកលឿង នេះផលិតកូនឈើ (រួមនិងកូនឈើហូបផ្លែ) ចំនួន២២៥០០០ដើម/ឆ្នាំគិតចាប់ពីឆ្នាំ២០០៦ មកទល់ពេលនេះ បានចែកជូនប្រជាជនដាំដុះបាន២,១លានដើម។
លោក វេង សាខុន បញ្ជាក់ថា ការចែកកូនឈើថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងពីស្មារតី និងជាការបំផុសស្មារតី រុក្ខទិវា ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ ២០១៦ ខាងមុខ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់។ វត្តមានរបស់ប្រជាជន និងការចែកកូនឈើនាពេលនេះ គឺបង្ហាញពីស្មារតីចូលរួមដាំដើមឈើ បង្កើតគម្រប និងទេសភាពបៃតង ដើម្បីតុល្យភាពបរិស្ថាន រក្សានិយតភាពប្រភពទឹក និងចូលរួមកាត់បន្ថយកម្ដៅភពផែនដី៕
មតិយោបល់