កណ្តាលៈ មានករណីបុរសម្នាក់ស្លាប់ គួរឲ្យអនិច្ចាដោយសារឆក់ចរន្ដអគ្គិសនី(គេរាយខ្សែឆក់កណ្ដុរ)។
ករណីនេះកើតឡើងកាលពីវេលាម៉ោង១ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ម៉ៅ ចាន់ណារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ.កម្មករ មានទីលំនៅភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
វត្ថុតាងចាប់យក៖ អាគុយម៉ាកJP កម្លាំង៧០អំពែចំនួន១គ្រឿង, អាំងវែកទ័រចំនួន១គ្រឿង, ដង្គៀបចាប់អាគុយចំនួន២(ក្រហមខ្មៅ), ខ្សែលួសប្រវែង ៣២៧ ម៉ែត្រ។
នៅវេលាម៉ោង៧យប់ថ្ងៃកើតហេតុ ជនរងគ្រោះបាននាំគ្នាទៅផឹកស្រា នៅចំណុចខ្នងព្រែកចំក្បាលដីរបស់ឈ្មោះប៉ិច ដាវុធ ចុងព្រែកទាហ៊ានសៅ ដែលម្ចាស់ចំការបានរាយខ្សែភ្លើងឆក់កណ្តុរ កុំឲ្យចូលស៊ីដំណាំសណ្តែកគួរ ដោយមានគ្នា ៥នាក់ ក្នុងនោះមានឈ្មោះសុង ហា ភេទ ប្រុស អាយុ២៩ឆ្នាំ ឈ្មោះរស់ ធារៈ ភេទប្រុស អាយុ ២២ឆ្នាំ ឈ្មោះឡូត សុភណ្ឌ័ ភេទប្រុស អាយុ ៣៨ ឆ្នាំ និងឈ្មោះប៉ិច ដាវុធ ភេទប្រុស អាយុ ២៨ ឆ្នាំ(ជាម្ចាស់ចំការ)។
អ្នកទាំង៥ មានទីលំនៅភូមិឃុំជាមួយគ្នា។
លុះដល់ម៉ោង១យប់ឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ជនរងគ្រោះបានដើរទៅក្នុងរោងចាំចំការ ក៏បានទាក់នឹងខ្សែភ្លើង ដែលមានចរន្ដអគ្គិសនី ឆក់ចំទ្រូងឆ្វេង ដួលផ្កាប់មុខទៅលើដី បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្តង។
បន្ទាប់ពីហេតុការណ៍នេះកើតឡើងភ្លាម កម្លាំងជំនាញបច្ចេកទេសខេត្ត ផ្នែកពិនិត្យហេតុស្រុក ពេទ្យឃុំ កម្លាំងប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំនិង មេភូមិ បានធ្វើការពិនិត្យសព សន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយសាឆក់ចរន្តអគ្គិសនី ប្រាកដមែន។
ក្រោយពីពិនិត្យ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ចប់សព្វគ្រប់ រួច សពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់