ព័ត៌មានជាតិ

ម៉ូតូកង់បីបើក បុកពីក្រោយម៉ូតូសណ្តោងរ៉ឺម៉កដឹកទំនិញ បណ្ដាលឲ្យក្រឡាប់ចាក់អីវ៉ាន់ចោលលើផ្លូវ

ភ្នំពេញ: ម៉ូតូកង់បីឥណ្ឌាមួយគ្រឿង អ្នកបើកបរធ្វេសប្រហែស រវល់តែងាករកមើលម៉ូយ ជ្រុលចង្កូតទៅបុកពីក្រោយម៉ូតូសណ្តោងរ៉ឺម៉កដឹកទំនិញ បណ្តាលឲ្យក្រឡាប់ចាក់អីវ៉ាន់ចោលមកលើផ្លូវ និងម៉ូតូទាំង២រងខូចខាតដំណំ។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ២និង២៥នាទីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នៅតាមផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុ ម៉ូតូសណ្តោងរ៉ឺម៉ក ឃ្លប់ ដឹកទំនិញ ខោអាវ ជិះគ្នា៣នាក់ បើកបរក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IJ-3731 បើកពីលិចទៅកើតស្របទិស ដោយសារអ្នកបើកបរ ភ្នែករំពៃក្រឡេករកមើលម៉ូយ ក៏ជ្រុលចង្កូតទៅបុកពីក្រោយម៉ូតូសណ្តោងរ៉ឺម៉ក បណ្តាលឲ្យក្រឡាប់ចាក់អីវ៉ាន់ ខោអាវ ចោលលើផ្លូវ អ្នកបើកបរ រងរបួសរយះដៃជើង រីឯម៉ូតូទាំង២គ្រឿង រងខូចខាត ។

ក្រោយកើតហេតុ វត្តមាននគរបាលប៉ុស្តិ៍ចោមចៅ៣ ចុះទៅដល់ចំណុចខាងលើ ហើយឲ្យភាគីសងខាង ធ្វើការសម្របសម្រួលគ្នា ជាលទ្ធផល អ្នកបើកបរខាងម៉ូតូកង់បី យល់ដឹងកំហុសរបស់ខ្លួន យល់ព្រមសងចំនួន៩០ដុល្លារទៅខាង ម៉ូតូរងគ្រោះ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

មតិយោបល់