ព័ត៌មានជាតិ

អតីតប្តីកំហូច លួចយកម៉ូតូរបស់ប្រពន្ធទៅបញ្ចាំ យកលុយសងថ្លៃខារ៉ាអូខេ ជាមួយមិត្តភក្តិ ទីបញ្ចប់ត្រូវប៉ូលិសវាយខ្នោះ

កណ្តាលៈ យោងតាមផេក សេនាធិការស្រុកស្អាង បានឲ្យដឹងថា អតីតប្តីកំហូច លួចយកម៉ូតូរបស់ប្រពន្ធទៅបញ្ចាំ យកលុយសងថ្លៃខារ៉ាអូខេ ជាមួយមិត្តភក្តិ ទីបញ្ចប់ត្រូវប៉ូលិសវាយខ្នោះ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចនៅភូមិអម្ពិលលាស់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ខេន ឌីណា ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ មានទីលំនៅភូមិពីងពង់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

ជនសង្ស័យឈ្មោះ ចេក កៅដេត ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក មានទីលំនៅភូមិគ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

វត្ថុតាងចាប់យក៖ ម៉ូតូចំនួនមួយគ្រឿងម៉ាកគុបជ្រុងC៥០ ពណ៌ខៀវចាស់ ពាក់ស្លាកលេខ កណ្តាល 1E-5417 ។

មុនពេលកើតហេតុ ឈ្មោះខេន ឌីណា(ជនរងគ្រោះ)បានជិះម៉ូតូទៅឲ្យជាងឈ្មោះ អ៉ី សំអាត ដើម្បីរឹតច្រវ៉ាក់ ពេលទៅដល់បានជួបឈ្មោះ ចេក កៅដេត (អតីតប្តីរបស់ឈ្មោះខេន ឌីណា) ជាមួយគ្នានោះឈ្មោះ ចេក កៅដេត បានសួរសុំលេខទូរសព្ទឈ្មោះ ខេន ឌីណា ប៉ុន្តែឈ្មោះ ខេន ឌីណា មិនព្រមឲ្យ ក៏ដើរចេញពីម៉ូតូ ភ្លាមនោះឈ្មោះចេក កៅដេត បានយកម៉ូតូរបស់ឈ្មោះខេន ឌីណា ជិះចេញទៅទិសខាងត្បូង ដោយមានឈ្មោះសារ៉ុម អាន និងឈ្មោះង៉ុយ ងន(ជាបក្ខពួក) ជិះម៉ូតូមួយគ្រឿងផ្សេងទៀតទៅតាមក្រោយ ឈ្មោះ ចេក កៅដេត ផងដែរ ។

ក្រោយពេលបានម៉ូតូហើយ ឈ្មោះចេក កៅដេត ឈ្មោះ សារ៉ុម អាន និង ង៉ុយ ងន បានជិះម៉ូតូរបស់ឈ្មោះខេន ឌីណា ឌុបគ្នា ទៅច្រៀងខារ៉ាអូខេ នៅផ្ទះរបស់ ឈ្មោះជ្រា ប្រុស ស្ថិតនៅភូមិធម្មវិន័យ ឃុំស្នោរ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយគ្មានលុយឲ្យថ្លៃច្រៀងខារ៉ាអូខេ ឈ្មោះចេក កៅដេត បានបញ្ជាំម៉ូតូ របស់ជនរងគ្រោះ នៅផ្ទះឈ្មោះជ្រា ប្រុស បានចំនួន ៣០ម៉ឺនរៀល (សាមសិបម៉ឺនរៀល) តែម្តង។

លុះនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ក្រោយពេលស្រាវជ្រាវ សមត្ថកិច្ចនគរបាលស្រុកស្អាង សហការ ជាមួយសមត្ថកិច្ចនគរបាលស្រុក ព្រៃកប្បាស ខេត្តតាកែវ បានចាប់ដកហូតយកម៉ូតូខាងលើ ពីឈ្មោះជ្រា ប្រុស និងឈានដល់ការឃាត់ខ្លួនឈ្មោះចេក កៅដេត ចំណែកឈ្មោះ សារ៉ុម អាន និងឈ្មោះង៉ុយ ងន បានរត់គេចខ្លួន។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បី បន្តអនុវត្ដតាម នីតិវិធីច្បាប់៕

មតិយោបល់