កំពង់ស្ពឺៈ រថយន្តដឹកឈើប្រណីតខុសច្បាប់ពេញមួយលើរថយន្តមួយគ្រឿង ត្រូវបានកម្លាំងអាវុធហត្ថស្រុកឪរ៉ាល់ សហការជាមួយនិងកម្លាំងចម្រុះ ចុះធ្វើការឆ្មក់បង្ក្រាបបាន កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ស្ថិតនៅចំណុចរង្វង់មូលផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានពីអាវុធហត្ថ បានឲ្យដឹងថា ដោយអនុវត្តតាមសារាចរណែនាំលេខ០៥ ស.ច.ណ.ន ស្តីពីវិធានការចាំបាច់នានាក្នុងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ របស់រាជរដ្ឋាភិបាល និងយោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រុមការងារចម្រុះទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិស្រុកឱរ៉ាល់ ដឹកនាំដោយលោក ប៊ុន វិចិត្រ អភិបាលរងស្រុក សហការជាមួយនិងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ សហការជាមួយនគរបាលស្រុក និងមន្រ្តីបរិស្ថានដែនជំរកសត្វព្រៃប្រចាំស្រុកឱរ៉ាល់ បានត្រួតពិនិត្យនៅចំណុចរង្វង់មូលផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ និងបានឃាត់រថយន្តចំនួន០៣គ្រឿង ដែលបានដឹកបទល្មើសព្រៃឈើដោយគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើ ដោយក្នុងនោះឈើដែលរកឃើញថាល្មើសច្បាប់រួមមានឈើសសរ ក្តារក្រាល គ្រឿងឈើ និងគ្រោងទ្វារ បង្អួច ។
បច្ចុប្បន្នរថយន្ត និងឈើយកមករក្សាទុកនៅសាលាស្រុកដើម្បីចាត់ការបន្ត ប៉ុន្តែចំពោះចំនួនឈើ នៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ៕
មតិយោបល់