ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូនខ្លូនក្រុម សាំម៉ូរ៉ៃ៥នាក់ទៅតុលាការ ក្រោយបើកឆាកប្រយុទ្ធ ប៉ងសម្លាប់គ្នាមិនបានសម្រេច!

ភ្នំពេញៈ សមត្ថកិច្ចព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនជនសង្ស័យ៥នាក់ រួមជាមួយអាវុធសាំម៉ូរ៉ៃ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ពាក់ព័ន្ធករណី ប៉ុងប៉ងឃាតកម្ម។

បើតាមសមត្ថកិច្ច ជនសង្ស័យទាំង៥នាក់ រួមមាន៖
-ទី១ឈ្មោះ ថាញ់ ញ៉ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរនៅផ្ទះ

-ទី២ឈ្មោះ គីម ជី ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរលក់បុកល្ហុង

-ទី៣ឈ្មោះ សេង កាត់ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរលក់ប្រហិត

-ទី៤ឈ្មោះ សេង ស៊ីថន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរលក់បបរ

-និងទី៥ឈ្មោះ គីម យី ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរលក់បុកល្ហុង។

ចំណែកជនរង ២នាក់ ទី១ឈ្មោះ អ៊ឹម ចាន់ថន ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរបើកបររថយន្ត ជាឪពុក និងទី២ឈ្មោះ អ៊ឹម ផានិត ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរនិសិ្សត ជាកូន។

គួររំលឹកថា កម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនក្រុមជនសង្ស័យ សាំម៉ូរ៉ៃហោះ ទាំង ៥នាក់ខាងលើ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីពួកគេ ធ្វើសកម្មភាព ដេញកាប់ប្រហារជីវិតជនរងគ្រោះទាំង ២នាក់ ឪពុកកូនខាងលើ នៅចំណុចក្នុងផ្ទះជនរងគ្រោះ ស្ថិតនៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបញ្ជាក់ថា ការកាប់ប្រហារជនរងគ្រោះ បម្រុងផ្តាច់ជីវិតនេះ ដោយសារ រឿង យល់ច្រឡំថា ជនរងគ្រោះ ជាម្ចាស់ឆ្កែដែលដេញខាំប្អូន របស់ក្រុមជនសង្ស័យ ដល់ក្នុងផ្ទះបណ្តាលឲ្យរងរបួសធ្ងន់។

ក្រោយបើកឆាកប្រយុទ្ធគ្នា ភាគីជនរងគ្រោះ ជាឪពុក រងរបួសដៃខាងស្តាំ ចំនួន ៣កន្លែង រយះម្រាមដៃឆ្វេង។

ចំណែកជនរងគ្រោះ ជាកូន រងរបួសដាច់ថ្ពាល់ខាងឆ្វេងស្មាស្តាំ ប្រអប់ដៃខាងឆ្វេង និងដៃខាងស្តាំ២កន្លែង។

ដោយឡែក ក្រុមជនសង្ស័យ សាំម៉ូរ៉ៃហោះ ក៏រងរបួសធ្ងន់មួយចំនួន ដែរ។

ក្រោយការប្រយុទ្ធគ្នា សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួនរួមមាន៖ កាំបិតប៉័ងតោ ១ដើម, ដាវសាំម៉ូរ៉ៃ ១មួយដើម; ដែកទីបមូល ១ដើម និងម៉ូតូជាប់រទេះសម្រាប់អូសលក់ ដូរ១គ្រឿង។

បច្ចុប្បន្ន ក្រុមជនសង្ស័យ សាំម៉ូរ៉ៃហោះ កំពុងរងចាំសេចក្តីសម្រេចរបស់តុលាការ ថាត្រូវជាប់គុក ឬទៅផ្ទះវិញដើម្បី បន្តដើរកាប់គេកាប់ឯងតទៅទៀត៕

មតិយោបល់