ភ្នំពេញៈ ករណីទុស្សេខ្សែភ្លើងមួយបានកើតឡើង នៅលើបង្គោលភ្លើង១ដើមជាប់នឹងរបងក្រសួងមហាផ្ទៃ បានបង្កឲ្យមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់កម្លាំងមានសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង ចុះទៅធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ ទើបធ្វើឲ្យភ្លើងរលត់ មិនឆេះរាលដាលទៅទៀតបាន។
ហេតុការណ៍នេះដែរបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ២និង១៥នាទីរសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅលើបង្គោលភ្លើមួយដើម ជាប់នឹងរបងក្រសួងមហាផ្ទៃ លើផ្លូវលេខ៤៦៦ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីបុរសម្នាក់បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានឃើញមានអណ្តាតភ្លើង និង ផ្សែងខ្មៅហុយនៅលើបង្គោលភ្លើងមួយដើម ដែលនៅជាប់របងក្រសួងមហាផ្ទៃនោះ បានបន្តិចភ្លើងក៏ឆេះកាន់តែខ្លាំងឡើងៗ
ហើយក៏មានការភ្ញាក់ផ្អើលទៅដល់កម្លាំងមានសមត្ថកិច្ចមូលដ្ឋានចុះមកដល់។ ពេលនោះ ពួកគាត់ក៏បានហៅរថយន្តពន្លត់ អគ្គិភ័យចំនួន ១គ្រឿងចុះមកដល់ ហើយក៏បានប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ និង បាញ់ទឹកពន្លត់ទើបធ្វើ ឲ្យភ្លើងរលត់ និង មិនឆេះរាលដាលទៅទៀតបាន។
ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចបានប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន ១រថយន្ត និង បំពង់ពន្លត់អគ្គិភ័យ អស់ជាច្រើនបំពង់ទៀត ដោយបានធ្វើអោយខ្សែភ្លើងមេមួយធំ ត្រូវបានភ្លើងឆេះដាច់ធ្លាក់មកលើដីផងដែរ៕
មតិយោបល់