ភ្នំពេញៈ កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តនិងរថយន្ត បានកើតឡើង នៅចំណុចផ្លូវបំបែកជាបួន ផ្លូវ៦០ម៉ែត្រ ភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល(ជាប់ព្រំប្រទល់ខណ្ឌដង្កោ) បណ្ដាលឲ្យក្មេងៗតូចៗ២នាក់បានស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជាបន្តបន្ទាប់ និង៤នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។
បើយោងតាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះទើបតែទិញរថយន្តម៉ាក Hilux Vigo ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2N-4733 រស់នៅខេត្តកំពង់ស្ពឺ ហើយគាត់បានបើករថយន្តមកលេងផ្ទះបងប្អូននៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបើករថយន្តនាំបងប្អូន និងក្មេងតូចៗទាំងអស់៦នាក់នៅក្នុងរថយន្ត ទៅលេងផ្សារទំនើបអ៊ីអននិងទៅលេងកោះពេជ្រ ធ្វើដំណើរពីត្បូងទៅជើង នៅផ្លូវ៦០ម៉ែត្រ។ លុះមកដល់កន្លែងកើតហេតុ ក៏ត្រូវបានរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ យីឌុក ដឹកទំនិញ១៦តោន របស់ក្រុមហ៊ុន L.M.H ដឹកជញ្ជូន ពាក់ស្លាកលេខ ព្រះសីហនុ 3A-0830 ដែលបើកពីលិចទៅកើត ក្នុងល្បឿនលឿន បានបុករថយន្តជនរងគ្រោះចំពាក់កណ្ដាលពេញទំហឹង អូសប្រហែល២០ម៉ែត្រទើបឈប់ បណ្តាលឲ្យមនុស្សប្រុសស្រីចាស់ក្មេង៥នាក់រងរបួសធ្ងន់ ចំណែកតៃកុងរថយន្តកៀបជាប់ក្នុងកាប៊ីនរថយន្ត។ ភ្លាមៗនោះត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយគាស់យកជនរងគ្រោះចេញ បញ្ជូនទៅសង្គ្រោះទៅគ្លីនិកឯកជនសួគ៌ា ដើម្បីជួយសង្គ្រោះបន្ទាន់ និងអ្នករងរបួសក្មេងចាស់ប្រុសស្រី៥នាក់ទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជាបន្តបន្ទាប់ផងដែរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ បានធ្វើការវាស់វែងនិងនាំយករថយន្តទាំង២គ្រឿងមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល រង់ចាំដោះស្រាយគ្នាតាមនិតិវិធីច្បាប់៕
មតិយោបល់