ព្រៃវែងៈ កាលពីម៉ោង ៦និង២០នាទីល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្បែផ្សារអ្នកលឿង ក្នុងភូមិ៤ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៌ មានករណីក្រុមជនសង្ស័យមានគ្នា២នាក់ ប្រដាប់ដោយកាំភ្លើងខ្លី១ដើម ធ្វើសកម្មភាពភ្ជង់ប្លន់ផ្ទះលក់មាស១កន្លែង តែមិនសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើល។
ជនរងគ្រោះឈ្មោះ ហួន ស៊ាមកាង ភេទស្រី អាយុ៦៨ឆ្នាំ មុខរបរលក់មាស វេរលុយ ចំណែកក្រុមជនសង្ស័យមានគ្នា ២នាក់ រត់គេចខ្លួនបាត់ តែត្រូវម្ចាសថតសកម្មភាព ចូលភ្ជង់ប្លន់បាន ដោយកាមេរ៉ាសុវត្ថិភាពរបស់ម្ចាស់ផ្ទះ។
ដំណើររឿង៖ មុនពេលកើតហេតុ ក្រុមជនសង្ស័យមានគ្នា២នាក់ ប្រដាប់ដោយកាំភ្លើងខ្លី១ដើម បានធ្វើសកម្មភាពភ្ជង់ប្លន់ផ្ទះលក់មាស១ តែមិនបានសម្រេច ដោយសារតែកូនម្ចាស់ផ្ទះ អាយុ៧ឆ្នាំម្នាក់ រត់ចេញមកក្រៅស្រែកឆោឡោថា «ចោរៗ» ធ្វើឲ្យក្រុមចោរភ័យស្លន់ស្លោ នាំគ្នាស្ទុះចេញមកក្រៅ ហើយរត់គេចខ្លួនបាត់។
យ៉ាងណាមិញករណីនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាណជនសង្ស័យ តាមរយៈរូបភាពកាមេរ៉ាសុវត្ថិភាព ដើម្បីចាប់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់