ព័ត៌មានជាតិ

កងទ័ពដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិរក្សក្បាច់គុណបុរាណខ្មែរ

ភ្នំពេញៈ ដើម្បីជួយអភិរ័ក្ស អភិវឌ្ឍន៍ និងលើកតម្កើងក្បាច់គុណបុរាណខ្មែរ កងយោធពលខេមរភូមិន្ទ បានដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងការចូលរួមអភិរក្សក្បាច់គុណបុរាណខ្មែរ ឲ្យបាននៅស្ថិតស្ថេរគង់វង្ស។ នេះជាការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ នៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់ ស្ដីពីកិច្ចសហការរៀបចំចងក្រង និងបណ្ដុះបណ្ដាលក្បាច់គុណកងយោធពលខេមរៈភូមិន្ទ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ការរៀបចំចងក្រងនូវក្បាច់គុណកងយោធពលខេមរៈភូមិន្ទ ដែលយកពីធាតុផ្សំនៃក្បាច់គុណបុរាណខ្មែរ ទាំងបី រួមមានក្បាច់គុណល្បុក្កតោ យុទ្ធគុណខម និងក្បាច់ប្រដាល់សេរី ដាក់បញ្ជូលទៅក្នុងការហ្វឹកហ្វឺនរបស់កងទ័ពនោះ គឺដើម្បីអភិរ័ក្ស អភិវឌ្ឍន៍ និងលើកតម្កើងតម្លៃនៃក្បាច់គុណខ្មែរ។ លោកបន្ថែមថា ការគាំទ្រ ការប្រើប្រាស់ និងការហ្វឹកហ្វឺននូវក្បាច់គុណទាំងបីនេះ នឹងកាត់តែធ្វើឲ្យទូលំទូលាយឡើងថែមទៀត នៅក្នុងជួរមហាជន ជាពិសេស គឺកងយោធពខេមរៈភូមិន្ទតែម្ដង ដែលបានដើរតួរនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិរក្សក្បាច់គុណបុរាណខ្មែរ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ការហាត់ក្បាច់គុណបុរាណខ្មែរ មិនមែនជាការហ្វឹកហាត់រៀនសូត្រដើម្បីយកធ្វើជាអាជីពទេ ប៉ុន្តែក្បាច់គុណជាកីឡាមួយប្រភេទ ឬហៅថា សិល្បៈយុទ្ធគុណ ដែលបង្កើតឲ្យបានទាំងសុខភាពល្អ និងសាមគ្គីភាពក្នុងសង្គម។

ទោះយ៉ាងណា លោកអគ្គលេខាធិការរូបនេះថា ក្រោយការដាក់បញ្ចូលក្បាច់គុណល្បុក្កតោ និងយុទ្ធគុណខម ទៅក្នុងក្របខ័ណ្ឌកងទ័ព និងក្នុងកម្មវិធីអប់រំកាយ និងកីឡាផ្លូវការ របស់ក្រសួងអប់រំ យុវជន និងកីឡានោះ គ្រូហ្វឹកហាត់នៃក្បាច់គុណបុរាណខ្មែរទាំងពីរ ក៏នឹងក្លាយជាគ្រូក្របខ័ណ្ឌពេញសិទ្ធិរបស់ក្រសួងទាំងពីរ ដែលក៏ធ្វើឲ្យពួកគាត់មានអាជីពមួយអាចរកកម្រៃខ្លះសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ពួកគេផងដែរ៕

មតិយោបល់