ព័ត៌មានជាតិ

តុលាការសម្រេចឃុំខ្លួន នគរបាលខណ្ឌព្រែកព្នៅម្នាក់ ក្នុងគុកសិន កុំឲ្យដើរបាញ់​បោះសេរីតទៅទៀត!

ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា លោក លី សុខលេង ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន នគរបាលខណ្ឌព្រែកព្នៅ ដែលបាញ់បោះសេរីបំភ័យពលរដ្ឋ នៅក្នុងគុកជាបណ្តោះអាសន្នហើយ។

បើតាមសមត្ថកិច្ច លោក រៀល សុភិន ជាតំណាងអយ្យការ បានបើកការស៊ើបសួរ និងចោទប្រកាន់លើឈ្មោះ ផន សុផល ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ នគរបាលខណ្ឌព្រែកព្នៅ ស្នាក់នៅផ្ទះលេខ ១៤៤ AE1 ផ្លូវ៥៩៨ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពីបទ កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត យោងតាមមាត្រា ៤៩០នៃក្រមព្រហ្មទណ្ឌ។

សូមជម្រាបជូនថា សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យខាងលើកាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អន សារី ភេទប្រុស អាយុ អាយុ ៣០ឆ្នាំ មុខរបរ សន្តិសុខផ្សារផ្លាហ្សា។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានរៀបរាប់ថា នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ ផន សុផល បានជិះម៉ូតូ ម៉ាក ZOOMER X ព័ណ៌លឿង ក្នុងស្ថានភាពស្រវឹង បានដកកាំភ្លើងម៉ាក K54 បាញ់ឡើងលើ ២គ្រាប់ (ផ្ទុះមួយគ្រាប់) នៅចំណុចមុចខតូបលេខ ៧១៩០ ក្នុងផ្សារផ្លាហ្សា ផ្លូវលេខ៤៥ ភូមិទី១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

មតិយោបល់