ព័ត៌មានជាតិ

រថយន្តបិទស្លាកសញ្ញា មន្ទីរពេទ្យព្រះសីហនុ បត់មិនស៉ីញ៉ូ កៀរម៉ូតូស្កុបពី០១៨ បញ្ចប់ត្រឹមសំណង២៣០ដុល្លារ

ភ្នំពេញ: ជនជាតិបរទេសប្រុសស្រី២នាក់ បើកបររថយន្តមួយគ្រឿង ហើយបានបត់ឆ្វេងដោយមិនបានស៉ីញ៉ូ បណ្តាលឲ្យទៅកៀរម៉ូតូមួយគ្រឿងទៀតដួលរងការខូចខាត។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចតាមបណ្តោយផ្លូវលេខ៦០៨ កែងនិងផ្លូវលេខ៣០៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញជនជាតិបរទេសប្រុសស្រី២នាក់ បើកបររថយន្តមួយគ្រឿងម៉ាក Ford ESCAPE ពណ៌ខ្មៅ ពាក់ស្លាកលេខ ONG202. 2-519 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៦០៨ ក្នុងទិសដៅពីលិចទៅកើត និងមានម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាស្កុបភី ស៊េរី០១៨ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GZ-6562 ដែលបើកបរដោយប្តីប្រពន្ធមួយគូ តាមពីក្រោយនិងទន្ទឹមខាងឆ្វេងរថយន្តខាងលើ។ លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើក៏បានបត់ឆ្វេងទៅផ្លូវ៣០៧ដោយមិនបានស៉ីញ៉ូ បណ្តាលឲ្យម៉ូតូដួលរងការខូចខាតបន្តិចបន្តួច។ រីឯអ្នកបើកបររងរបួសរលាតដៃជើង។ ចំណែកឯរថយន្តពុំមានរងការខូចខាតអ្វីនោះទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចុះមកដល់ចំណុចកើតហេតុហើយឲ្យភាគីទាំង២និយាយចរចាដោះស្រាយគ្នាដោយភាគីខាងម៉ូតូបានទាមទារសំណងចំនួន២៥០ដុល្លារពីភាគីខាងរថយន្ត តែភាគីខាងរថយន្តបានសូមបញ្ចុះថ្លៃមកអស់ត្រឹមតែ២៣០ដុល្លារ ហើយភាគីខាងម៉ូតូក៏ព្រមទទួលយកសំណងត្រឹម២៣០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់