បាត់ដំបងៈ កម្លាំងសមត្ថកិច្ចចម្រុះ ធ្វើពិធីដុតបំផ្លាញចោល នំកញ្ចប់ និងជង្គង់មាន់ ស្លាបមាន់ ដែលខូចគុណភាព ធ្វើការដកហូតពីប្រជាពលរដ្ឋដែលបាននាំចូលមកពីប្រទេសថៃ ចូលមកកម្ពុជាតាមច្រកអូររំដួល។
របាយការណ៍របស់សាខាកាំកុងត្រូលប្រចាំច្រកអូររំដួល ស្ថិតក្នុងភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងបានបញ្ជាក់ថា កាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ កំលាំងចម្រុះ រួមមាន៖ កំលាំងកាំកុងត្រូល សហការជាមួយមន្ត្រីគយ និងកំលាំងប៉ុស្តិ៍ការពារព្រំដែន បានសហការគ្នា ធ្វើការដុតកំទេចចោលនូវប្រភេទទំនិញដែលខូចគុណភាព ហើយត្រូវបានប្រជាពលរដ្ឋ ក៏ដូចជាក្រុមឈ្មួញបាននាំចូលមកតាមច្រកអូររំដួល។
របាយការណ៍ បានបន្តថា ការដុតបំផ្លាញចោលនូវទំនិញដែលហូរចូលមកពីប្រទេសថៃ ហើយមានការខូចគុណភាព ដែលអាចបំផ្លាញសុខភាពប្រជាពលរដ្ឋបានយ៉ាងងាយនោះ រួមមាន ស្លាបមាន់ និងជង្គង់មាន់ ទម្ងន់៥៥គីឡូក្រាម នំចំរុះទម្ងន់១៥២ គីឡូក្រាមព្រមទាំងមី និងទឹកក្រូចមួយចំនួនថែមទៀត។
ក្នុងនោះផងដែរ កំលាំងជំនាញបានលើកឡើងថា នេះគឺមិនមែនជាការដុតកម្ទេច បែបទ្រង់ទ្រាយធំនោះទេ ព្រោះទំនិញដែលខូចគុណភាពទាំងអស់នេះ បានដកហូតពីប្រជាពលរដ្ឋបន្តិចម្តងៗដែលពួកគាត់ទិញយកទៅបរិភោគ ដើម្បីរក្សាទុក និងធ្វើការដុតបំផ្លាញចោល។
ក្រោយពីបានធ្វើការដុតកំទេចចោលរួចមក កំលាំងបានកាយដីកប់ទំនិញទាំងនោះ ចោលតែម្តង ដើម្បីជៀសវាងនូវសត្វស្រុក ដែលវាអាចមកខាំស៊ីបាន ព្រោះវាអាចប៉ះពាល់ដល់សុខភាពមនុស្សបានយ៉ាងងាយជាទីបំផុត៕
មតិយោបល់