ព័ត៌មានជាតិ

ជិះម៉ូតូលឿនពេក វ៉ារថយន្តគេ វ៉ាក់អឺនឹងរថយន្តមួយគ្រឿងទៀតចាប់ហ្រ្វាំងអូសដួលចូលក្រោមរថយន្ត របួសធ្ងន់

ភ្នំពេញៈ ម៉ូតូមួយគ្រឿង បើកវ៉ារថយន្តមួយគ្រឿងក្នុងល្បឿនលឿនពេក ស្រាប់តែអកសឺជាមួយរថយន្តមួយគ្រឿងទៀត ក៏ចាប់ហ្រ្វាំងអូសម៉ូតូចូលក្រោមរថយន្ត បណ្តាលឲ្យបុរសម្នាក់ដែលជាម្ចាស់ម៉ូតូរងរបួសធ្ងន់ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីសុវត្ថិ កែងផ្លូវលេខ ១០០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកគា ដឹកទឹកកក ពណ៌ខៀវ ពាក់ស្លាកលេខ កណ្តាល 2A-8464 បើកតាមបណ្តោយផ្លូវព្រះសីសុវត្ថិ ទិសដៅពីជើង មកត្បូងស្រាប់តែមានម៉ូតូហ្វីណូ ពណ៌សលាយខ្មៅផ្កាឈូក មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1CZ-4278 បើកក្នុងល្បឿនលឿនដូចហោះ ទិសដៅពីត្បូងមកជើង វ៉ារថយន្តបានអកសឺជាមួយរថយន្តដឹកទឹកកកនោះ ក៏បានចាប់ហ្វ្រាំងអូសបណ្តាលឲ្យដួលអូសចូលក្រោមរថយន្ត។ រីឯបុរសម្នាក់រងរបួសបាក់ជើងឆ្វេងត្រូវរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានមកវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់