ព័ត៌មានជាតិ

ម៉ូតូគុបជ្រុង ពន្លះជាមួយរថយន្តស៊ីណា ស្លាប់ម្នាក់យ៉ាងរន្ធត់

កំពង់ឆ្នាំង: យោងតាមផេក ផ្សព្វផ្សាយអប់រំក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅវេលាម៉ោង២និង៣០នាទី រសៀល ថ្ងៃទី២ ខែ មិថុនា ឆ្នាំ២០១៨ លើផ្លូវជាតិ៥ ចន្លោះគីឡូម៉ែត្រ ១០៣-១០៤ ភូមិក្នុង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូគុបជ្រុង ពណ៌ខៀវមួយគ្រឿង គ្មានស្លាកលេខ បើកបរដោយឈ្មោះ ដុម សុខុម ភេទប្រុស អាយុ៤៨ ឆ្នាំ រស់នៅភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយបើកបរចេញពីផ្លូវលំគ្រួសក្រហម ក្នុងទិសដៅពីត្បូងទៅជើង ហើយបានឆ្លងកាត់ផ្លូវជាតិ លុះបើកបរមកដល់ចំណុចខាងលើបានបុក ជាមួយរថយន្តមួយគ្រឿងម៉ាកសុីណា ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2AD-8938 ដែលកំពុងជិះខ្វែងទិសគ្នា បានបណ្ដាលឲ្យស្លាប់អ្នកបើកបរម៉ូតូនៅនឹងកន្លែងកើតហេតុ និង ខូចម៉ូតូ១គ្រឿងធ្ងន់ រីឯរថយន្តខូចខាតស្រាល ។

បន្ទាប់មក អ្នកបើកបររថយន្តបានបើករថយន្តរត់ចេញពីកន្លែងកើតហេតុទៅលាក់ទុក នៅផ្ទះប្រជាពលរដ្ឋឈ្មោះ នង សុថុន ភេទស្រី នៅភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានចម្ងាយពីកន្លែងកើតហេតុប្រហែល៩០០ ម៉ែត្រ ហើយចុះរត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុកម្លាំងជំនាញផ្នែកសណ្ដាប់ធ្នាប់ បានចុះទៅកន្លែងកើតហេតុ កសាងសំណុំរឿងតាមនីតិវិធី និងប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ៕

មតិយោបល់