ព័ត៌មានជាតិ

ចោរឆក់កាបូប២នាក់ អស់លក្ខណ៍ជាប់អន្ទាក់ប៉ូលិស!..

បន្ទាយមានជ័យ: នគរបាលបង្ក្រាបបាន ជនល្មើស២នាក់ដែលបានធ្វើសកម្មភាពឆក់យកកាបូបពីស្ត្រីម្នាក់បណ្តាលឲ្យដួលបែកក្បាលរបួសធ្ងន់កាលពីពេលកន្លងទៅ។

លោកវរសេនីយ៍ ខែម សោភ័ណ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថាស្ត្រីម្នាក់ជិះម៉ូតូស្ពាយកាបូបជិះម៉ូតូដល់ចំណុចបេនឡានចាស់ត្រូវបានក្រុមចោរវ័យក្មេង២នាក់បានធ្វើសកម្មភាពឆក់យកកាបូបធ្វើឲ្យម៉ូតូដួលបោកទៅលើថ្នល់ជាតិ បណ្តាលឲ្យរងបួសធ្ងន់តែមិនបានសម្រេចហើយគេចខ្លួនបាត់។ តែក្រោយមកទៀតត្រូវបាននគរបាលធ្វើការស្រាវជ្រាវតាមចាប់បាននៅវេលាម៉ោង៣យប់ ថ្ងៃទី២ខែ មិថុនា ឆ្នាំ២០១៨ នៅចំណុចបេនឡានចាស់ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ ខែម សោភ័ណ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថ្ងៃទី២ខែមិថុនាថា ជនសង្ស័យទាំង២នាក់ មាន១-ឈ្មោះទិត្យ រ៉ាពី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិភ្នៀត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ២-ឈ្មោះ ហែម រតនា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
នៅមុខនគរបាលជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានឆក់កាបូបរបស់ជនរងគ្រោះនោះមែន ព្រោះឃើញគាត់តែម្នាក់ឯង ហើយទំនងជាមានលុយកាក់ច្រើន។ កម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ៕

មតិយោបល់