ភ្នំពេញៈ បុរសម្នាក់បើករថយន្តសុខៗ ត្រូវបានកូនប្រុសសំណព្វរបស់គាត់ ទាញចង្កូតរថយន្តបណ្តាលរេចង្កូតទៅកៀររថយន្តមួយគ្រឿងទៀត ចតស្ងៀមនៅមុខផ្ទះលក់បាយកាហ្វេ បណ្តាលរងរការខូចខាតមួយចំហៀងផ្នែកខាងឆ្វេងយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្ទះ តាឡេង លក់បាយ គុយទាវ និងកាហ្វេ តាមបណ្តោយផ្លូវ៦៦៤ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លុះដល់វេលាម៉ោង៧និង៣០នាទីយប់ថ្ងៃ ដដែលទើបសម្របសម្រួលគ្នាចប់។
តាមប្រភពពីម្ចាស់រថយន្តបង្កបានឲ្យដឹងថា មុនកើតហេតុរូបគាត់បានបើករថយន្តមួយគ្រឿងម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2X-8927 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែកូនប្រុសក្មេងសំណព្វរបស់គាត់ បានទាញចង្កូតរថយន្ត បណ្តាលរេចង្កូតទៅកៀររថយន្តមួយគ្រឿងម៉ាកឡិចសុីស RX330 ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ម្ចាស់ទើបនឹងទិញចតស្ងៀមស្របទិសដៅគ្នានៅចំណុចមុខផ្ទះកើតហេតុខាងលើ បណ្តាលឲ្យកៀរជាប់គ្នា រងកាខូចខាតមួយចំហៀងផ្នែកខាងឆ្វេងយ៉ាងដំណំ។ ចំណែករថយន្តបង្ករងកាខូចខាតតិចតួច។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាដោយខាងភាគីបង្កចេញសំណងទៅឲ្យភាគីរងគ្រោះចំនួន៨០០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
មតិយោបល់