ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉េង កែវពេជ្ជតា ទទួលការសរសើរក្រោយបន្ទាបខ្លួន

ភ្នំពេញៈ ប៉ុន្មានឆ្នាំចុងក្រោយ គេចាប់អារម្មណ៍ថា កំពូលតារាចម្រៀងល្បីឈ្មោះ ដែលពោរពេញដោយគុណធម៌ និងភាពថ្លៃថ្នូរអ្នកនាង ម៉េង កែវពេជ្ជតា បានបន្ទាបខ្លួនយ៉ាងខ្លាំង បើធៀបនឹងអតីកាល ពិសេសក្នុងពេលអ្នកនាងនៅមានងារជាលោកជំទាវ។ ចំណុចប្រែប្រួលរបស់អ្នកនាង ត្រូវបានមហាជនភាគច្រើនកោតសរសើរ ដែលជំហរចុងក្រោយ ត្រូវគេចាត់ទុកថា សមនឹងកិត្តិយសរបស់អ្នកនាង ដែលជាកំពូលតារាចម្រៀងល្បីឈ្មោះ និងជាគំរូសម្រាប់តារាជំនាន់ក្រោយ។

ពីអតីតកាលអ្នកនាង ម៉េង កែវពេជ្ជតា ត្រូវគេដឹងថា ប្រកាន់ខ្លួនមិនច្រៀងក្នុងកម្មវិធីតូចតាច ឬទទួលឡើងឆាកញឹកញាប់នោះទេ ដោយអះអាងថា កុំឲ្យឆាប់សាបប្រជាប្រិយភាព។ ក្នុងមួយឆ្នាំ យ៉ាងច្រើនគេឃើញអ្នកនាងទទួលច្រៀងតែ២ទៅ៣ដងប៉ុណ្ណោះ ហើយកម្មវិធីដែលអ្នកនាងទទួលច្រៀង ក៏ជាកម្មវិធីធំដុំ ដែលមានកំពូលតារាចម្រៀងល្បីៗចូលរួម។ អ្នកនាងកម្រទទួលច្រៀងជាមួយតារាមិនល្បីដូចអ្នកនាងខ្លាំងណាស់ ដែលធ្វើឲ្យតារាភាគច្រើនបានចាត់ទុកថា គឺជារឿងសំណាងផុតលេខនៅពេលឈរក្បែរអ្នកនាង ឬបានច្រៀងអម។ សម្រាប់បច្ចុប្បន្នវិញ អ្នកនាងមិនរើសដូចមុនទេ សូម្បីតែក្នុងពិធីមង្គលការធម្មតាៗ ដែលត្រូវគេដឹងថា មិនទទួលបានកម្រៃច្រៀងខ្ពស់ដូចការប្រគំតន្ត្រីធំៗ ក៏អ្នកនាងទទួលច្រៀងដែរ។ អញ្ចឹងហើយ ទើបគេឃើញអ្នកនាងចេញមុខញឹកញាប់មិនសូវបាត់មុខ ដោយមិនខ្វល់ខ្លាចសាបដូចមុន។

ងាកទៅកាន់រឿងរ៉ាវស្នេហាវិញ អ្នកនាង ត្រូវដឹងយូរមកហើយថា ក៏កម្របណ្ដោយខ្លួនឲ្យជាប់ពាក់ព័ន្ធនឹងតារាអ្នកសិល្បៈដូចគ្នាខ្លាំងណាស់ ដោយបុរសដែលអ្នកនាងមានរឿងអាស្រូវភ្ជាប់ជាមួយ បើមិនមែនមានងារជាឧកញ៉ា ក៏ជាមន្ត្រីជាន់ខ្ពស់ដែរ ជាពិសេសក្នុងពេលអ្នកនាងមិនទាន់រៀបការ។ ប៉ុន្តែក្រោយពេលអ្នកនាងធ្លាក់ខ្លួនមេម៉ាយ ថ្វីត្បិតថា អ្នកនាងនៅមានមន្តស្នេហ៍ទាក់ទាញបុរសសម្បូរទ្រព្យមិនខុសពីមុន ក៏អ្នកនាងបន្ទាបខ្លួនឲ្យមានព័ត៌មានស្នេហាផ្ដេសផ្ដាសជាមួយតារាសម្ដែងលោក ស៊ុក សុភា និងតារាចម្រៀងលោក រ័ត្ន មករា ជាដើម មិនខ្វល់រឿងធ្លាក់ក្រេឌីតឡើយ។

សម្រាប់តារាសិល្បៈជំនាន់ថ្មីវិញ បើកាលពីមុនកុំថាឡើយហ៊ានដល់មាក់ងាយអ្នកនាងដូចករណី កញ្ញា ដេនី ក្វាន់ និងកញ្ញា សាសា មុននោះ កុំថាឡើយដល់សុំទោស គឺទោះជាសរសេរដល់ទៅលាយលក្ខណ៍អក្សរទៀត ក៏ប្រហែលជាត្រូវអ្នកនាងដាក់បណ្ដឹងប្ដឹងបះសក់ដែរ។ ស្រួលមិនស្រួល អ្នកនាងនឹងប្រើឥទ្ធិពលជាតារាល្បីដកមិនឲ្យចេញមុខក្នុងពិភពសិល្បៈទៀតផង។ អ្នកនាង ម៉េង កែវពេជ្ជតា ស្លូតជាងមុនច្រើនហើយ ទើបអ្នកនាងសុខចិត្តបន្ទាបខ្លួនមិនប្ដឹង ហើយគ្រាន់តែសរសេរសារវែងអន្លាយ អមដោយការប្រៀបធៀបរបៀបតិះដៀលផ្លែផ្កាវាយបកមុននោះ។ វាមិនមែនងាយស្រួលនោះទេ ដែលអ្នកនាងសុខចិត្តចំណាយពេលមិនឈ្លោះដោយផ្លូវច្បាប់ ហើយសុខចិត្តដាក់ខ្លួនទៅឈ្លោះដោយសំណេរឲ្យគេបានឃើញជាសាធារណៈ។ អ្នកនាង គឺជាកំពូលតារាចម្រៀងដ៏ល្បីតែម្នាក់គត់ ដែលត្រូវបានមហាជនសរសើរថា ជាតារាតំណាងប្រទេសដែលច្រៀងបានពីរោះ ហើយក៏សរសេរសំណេរឆ្លើយតបទៅកាន់ ដេនី ក្វាន់ និងសាសា កន្លងទៅមានន័យបានល្អ មិនខុសពីអ្នកនិពន្ធអាជីពម្នាក់។ អ្នកនាង ត្រូវគេឃើញបង្ហោះសារតបតដោយពាក្យសម្ដីថ្លៃថ្នូរ បង្កប់ការចេះដឹងខ្ពស់ និងសមជាសំណេររបស់តារាគំរូលំដាប់ប្រទេសដ៏កម្រ ដែលតារាល្បីឈ្មោះក្នុងប្រទេសមិនងាយធ្វើបាន។ ទន្ទឹមនឹងការដាក់ខ្លួនតបតនឹង ដេនី ក្វាន់ និងសាសា មួយប្រាវមុន គេនៅតែចាត់ទុកថា អ្នកនាង ម៉េង កែវពេជ្ជតា រក្សាបានភាពថ្លៃថ្នូរគួរឲ្យសរសើរ ដោយសារតែករណីនោះ បើអ្នកនាង មិនដាក់ខ្លួនមកឈ្លោះតតាំងបែបហ្នឹងនោះទេ គឺប្រាកដជាដល់តុលាការហើយ។

បន្ថែមពីលើការដាក់ខ្លួនលើចំណុចខាងលើ អ្នកនាង ម៉េង កែវពេជ្ជតា ក៏ត្រូវគេចាត់ទុកថា បានបន្ទាបខ្លួនខុសពីមុនផងដែរ ពាក់ព័ន្ធការសុំសម្ភាសន៍ផ្ដល់ព័ត៌មាន។ កាលពីមុន អ្នកចង់សម្ភាសន៍អ្នកនាងហោចណាស់ក៏ត្រូវដាក់សំណួរមួយអាទិត្យមុននោះដែរ ដោយសំណួរខ្លះ ដែលអ្នកនាងមិនពេញចិត្ត គឺត្រូវឃ្វៀកចោល ហើយបើហ៊ានតែផ្សាយខុសពីអ្វីដែលអ្នកនាងបានកុម្ម៉ង់ គឺប្រាកដជាប្រឈមផ្លូវច្បាប់ ឬហៅទៅជះទឹកត្រីតែម្ដង ដោយបន្ថែមពីលើការតិះដៀល ដូចដែលអ្នកនាងបានបង្ហោះ។ ក្នុងពេលបណ្ដាទស្សនាវដ្ដីនៅមានឥទ្ធិពល អ្នកចង់ចុះផ្សាយពីព័ត៌មានអ្នកនាង គេសុទ្ធតែដឹងថា អ្នកនាងតម្រូវឲ្យប្រើពាក្យថា «កំពូលតារាចម្រៀង» ឬតារាចម្រៀងលំដាប់ប្រទេសនៅក្នុងអត្ថបទ និងដាក់រូបនៅលើគម្របធំជាងតារាផ្សេងៗ។ បើមិនដូច្នោះទេ គឺពិតជាត្រូវលក់ផ្លូវ ព្រោះតែលែងបានសម្ភាសន៍លើកក្រោយជាក់ជាមិនខាន។ ក្នុងនោះ សូម្បីតែការថតរូប ក៏ទើបតែស្រួលនាពេលចុងក្រោយនោះដែរ។

យ៉ាងណាមិញ មនុស្សមួយចំនួននៅតែយល់ថា អ្នកកាសែតជំនាន់នេះសំណាងជាងមុន ដោយសារតែការចុះផ្សាយបើទោះជាបានសរសេរយ៉ាងមិចយ៉ាងម៉ា ក៏នៅតែត្រូវអ្នកនាងបន្តផ្ដល់បទសម្ភាសន៍។ ជាក់ស្ដែងក្នុងពេលតារាល្បីឈ្មោះដែលពោរពេញអំនួតសុទ្ធតែបានទាមទារឲ្យអ្នកកាសែតកែតម្រូវនៅពេលមិនសុខចិត្តនឹងព័ត៌មានណាមួយ គ្រាដែលអ្នកនាង ម៉េង កែវពេជ្ជតា សុខចិត្តដាក់ខ្លួនប្រើបណ្ដាញហ្វេសប៊ុកបង្ហោសារជេរប្រទិច ដោយមិនសំចៃមាត់តែម្ដង បញ្ចេញកំហឹងដោយមិនចាំបាច់សុំការកែតម្រូវនាំឲ្យវែងឆ្ងាយនោះទេ។ ត្រឹមជាការតិះដៀល និងជេរប្រទិចអ្នកសរសេរ ដែលធ្វើឲ្យអ្នកនាងអន់ចិត្ត គេនៅតែមើលឃើញថា គឺជារឿងស្រាលណាស់ បើធៀបនឹងអ្វីដែលអ្នកនាងធ្លាប់បានប្រកាន់ភ្ជាប់កន្លងមក។ គេមើលឃើញថា អ្នកនាងយកភាពថ្លៃថ្នូរ និងកិត្តិយសរបស់ខ្លួន ដែលជាតារាគំរូមកទប់ច្រើនណាស់ ទើបអ្នកប្រើពាក្យតិះដៀលបានត្រឹមតែប៉ុណ្ណឹង។ ម្យ៉ាងការតិះដៀលទាំងនោះ ក៏នៅតែបង្ហាញថា អ្នកនាងជាតារាថ្លៃថ្នូរ ដែលអាចប្រើពាក្យបាននៅទន់ភ្លន់សមជាតារាតំណាងឲ្យជាតិ និងវប្បធម៌នៅឡើយទេ បើធៀបនឹងអ្នកនាងចងកំហឹង។ បើទោះជាពាក្យសម្ដីជេរ ដែលអ្នកនាងបង្ហោះឡើង ត្រូវបានមហាជនខ្លះឡកលើយថា ជេរបានពីរោះ មិនជាន់ពាក្យគ្នា ដូចដែរអ្នកនាងបានជេរប្រទិចទៅលើអតីតស្វាមី ក៏ជាអ្វីដែលអ្នកនាងបានធ្វើនៅតិចជាងកិត្តយស និងភាពថ្លៃថ្នូររបស់អ្នកនាងឆ្ងាយណាស់។ អ្នកនាងនៅតែត្រូវបានគេទទួលស្គាល់ថា ជាកំពូលតារាតែម្នាក់ប៉ុណ្ណោះ ដែលបានដាក់ខ្លួនប្រកាសឲ្យអ្នកអាជីពជាសារព័ត៌មានដឹងថា ពួកគេគ្រាន់តែក្រុមឆ្លុះកង្កែប ដែលតាមរំខានជីវិតអ្នកសិល្បៈ និងជាក្រុមស៊ីខ្ទុះ ស៊ីឈាម កេងចំណេញលើជីវិតអ្នកសិល្បៈដែលពោរដោយការអត់ធ្មត់ និងជានារីដែលតែងប្រកាន់ភ្ជាប់នូវភាពថ្លៃថ្នូរដូចជាអ្នកនាង។ តែអ្នកនាង មិនបានសំដៅទៅដល់អ្នកកាសែតដែលសរសេរបញ្ចើចបញ្ចើរ ឬសរសេរពីរឿងល្អៗរបស់អ្នកនាងនោះទេ។

ចំណុចមួយដែលអ្នកនាង ម៉េង កែវពេជ្ជតា ដាក់ខ្លួនខុសពីមុនផងដែរ គឺការទម្លាយឲ្យដឹងនូវរឿងរ៉ាវឯកជន ដោយមិនចាំបាច់ឲ្យគេស្វះស្វែង។ កាលពីមុន មនុស្សតិចណាស់ដែលអាចបានដឹងអ្នកនាងកើតទុក្ខ ឬមិនសប្បាយចិត្ត ដោយសូម្បីតែតារាសិល្បៈជិតស្និទ្ធក៏អ្នកនាងកម្រប្រាប់ណាស់។ ប៉ុន្តែ ក្នុងពេលតារាភាគច្រើនគេប្រើហ្វេសប៊ុក ដើម្បីបង្អួតពីការងារសិល្បៈ អ្នកនាងដែលត្រូវគេដឹងថា មិនមានផលិតកម្មថតបទឲ្យដាក់លក់ដូចមុន បានដាក់ខ្លួនយ៉ាងច្រើនសរសេរបង្ហាញដោយឥតលាក់លៀមថា អ្នកនាងកំពុងមានរឿងត្រូវជេរអ្នកនេះ និងត្រូវដៀលអ្នកនោះ ដែលពីមុនបើចង់ដឹងរឿងបែបនេះ ហោចណាស់ក៏ត្រូវប្រើកិញសម្ងាត់តាមស៊ើបរាប់អាទិត្យ។ ម្នាក់ៗ សុទ្ធតែយល់ឃើញថា អ្នកនាងដាក់ខ្លួនឆ្ងាយណាស់ បើមិនដូច្នោះ ប្រហែលមនុស្សតិចណាស់ឃើញអ្នកនាងឡើងឆាកញឹកញាប់ ប្រហែលមនុស្សតិចណាស់បានដឹងថា អ្នកនាងក៏មានសមត្ថភាពសរសេរតិះដៀលអ្នកតាមរំខានដូចសព្វថ្ងៃបានល្អមិនចាញ់អ្នកថ្លៃថ្នូរទូទៅ ហើយក៏ប្រហែលជាមានតារាសិល្បៈ និងអ្នកគាំទ្រមិនតិចដូចគ្នា ដែលត្រូវអ្នកនាងដាក់ឲ្យជាប់បណ្ដឹងដោយសារតែហ៊ានមាក់ងាយចំពោះអ្នកនាង ដូចជាករណី សាសា។ មិនខុសគ្នាដែរ ចំពោះអ្នកសារព័ត៌មានវិញ បើទោះជាអ្នកនាងមិនប្ដឹង ក៏ទំនងជាមានអ្នក ត្រូវអ្នកនាងហៅមកជះទឹកត្រី ដើម្បីរំលត់កំហឹងមិនតិចនាក់នោះដែរ ដោយមិនមែនត្រឹមតែត្រិះតិះដៀល ដូចអ្វីដែលមហាជនបានឃើញប៉ុណ្ណឹងទេ។ នេះចាត់ទុកថា អ្នកនាងចិត្តទូលាយ និងមិនប្រកាន់ច្រើនដូចមុនណាស់ហើយ៕

មតិយោបល់