ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ពីររឿងថ្មីរបស់ផលិករថៃ រំពឹងកក្រើកពិភពសិល្បៈកម្ពុជា

ភ្នំពេញៈ កាលពីថ្ងៃទី២២ ខែមិថុនាម្សិលមិញ ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ និងផលិតករថៃ បានប្រកាសចេញថត២រឿងព្រមគ្នាតែម្ដង គឺរឿង «កូនក្រមុំលោកមេឃុំ» និងរឿង «ហង្សបាក់ស្លាប» ដើម្បីដាក់បញ្ចាំងនៅក្នុងម៉ោងមាសរបស់ប៉ុស្ដិ៍លេខ៥។ ខ្សែរឿងទាំង២ ត្រូវផលិតករថៃ អះអាងថា បានចំណាយទុនខ្ពស់ និងធ្វើឲ្យខ្លាំងមិនខុសពីរឿងភាគថៃ ដែលបានក្រុមការងារផលិតករនេះ បានផលិតនៅក្នុងប្រទេសថៃនោះឡើយ។

ខ្សែរឿងដែលបានប្រកាសចេញថតនេះ នឹងចាប់ផ្ដើមថតចាប់ពីថ្ងៃទីក្រុងពាលីទៅហើយ ដោយតាមគម្រោងនឹងបន្តដាក់បញ្ចាំងជាបណ្ដើរតែម្ដង ដើម្បីឲ្យម៉ោងមាសរបស់ប៉ុស្ដិ៍លេខ៥ មានរឿងដែលផលិតដោយខ្លួនឯង។ ខ្សែរឿងទាំង២ គឺជារឿងថ្មីរបស់ផលិតករថៃសុទ្ធសាធ ដោយតារាដែលរួមសម្ដែង គឺជាតារាល្បីៗក្នុងស្រុកទាំងអស់ មិនមានវត្តមានតារាថៃនោះឡើយ បើទោះជាផលិតករថៃ ជាអ្នកដឹកផ្ទាល់។

ខ្សែរឿងនីមួយៗ ត្រូវបានផលិតករថៃ ចែកក្រុមដាច់គ្នាធ្វើការផលិត ដោយសម្ភារៈក្នុងការប្រើប្រាស់ក៏មានកម្រិតស្ដង់ដារ ដូចគ្នានឹងការផលិតរឿងភាគរបស់ប្រទេសថៃនោះដែរ។

តារាសម្ដែងក្នុងរឿងទាំងពីរនោះ រួមមាន កញ្ញា អ៊ុន អាលីហ្សា កញ្ញា ទឹម រដ្ឋា កញ្ញា ហេង ស្រីពេជ្រ លោក យឹម សម្បត្តិ លោក ស្រេង ប៉េងទី លោក លាង ឧត្តម កញ្ញា ផាភួង លោក ខាត់ ចំរើន នាយស្វិត និងតារាសម្ដែងជាច្រើនរូបទៀត៕

មតិយោបល់