ព័ត៌មានជាតិ

ធ្លាប់តែហាង KTV កោរភ្ញៀវ លើកនេះភ្ញៀវកោរហាង KTVវិញម្តង

ភ្នំពេញៈ កន្លងមកធ្លាប់ឮជារឿងៗ នូវរឿងរ៉ាវ ដែលកើតឡើងសម្រាប់អ្នកនិយមចូលចិត្ត ទៅផឹកស៊ីរាំ ច្រៀងនៅហាង KTV ត្រូវបានភាគីខាងម្ចាស់ហាបន្លំ គិតលុយលើស កោរភ្ញៀវ តែសម្រាប់លើកនេះ បែជាភាគីខាងភ្ញៀវកោរម្ចាស់ហាងKTVទៅវិញ។

បុរសគ្នា២នាក់ នាំគ្នាចូលផឹកស៊ីនៅហាងខារ៉ាអូខេ រស្មីម៉ៃដា ផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ដោយរួមមានទាំងស្រីកំដរ២នាក់ទៀត បានកម្ម៉ង់ម្ហូម៤មុខ ផឹកអស់មួយកេសហៅថែមមួយកេស អស់រយៈពេល៤ម៉ោងកន្លះ តាំងពីវេលាម៉ោង២ រំលងអធ្រាត្រចូលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ រហូតដល់វេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃដដែល គិតលុយអស់៩១ដុល្លារ បែជាខាងភ្ញៀវស្រែកឡូឡាថា គិតមិនប្រក្រតី ផ្អើលសមត្ថកិច្ចចុះទៅសម្របសម្រួល ក៏និយាយស្ដាប់គ្នាមិនបាន ដោយសារភាគីភ្ញៀវស្រវឹងជោគ ទើបសម្រេចនាំទៅចូលប៉ុស្តិ៍ប៉ូលិស។

បុរសជាភ្ញៀវទាំងពីរនាក់ទី១.ឈ្មោះ មាន រ៉ូណន់ អាយុ២៦ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនឯកជន ស្នាក់នៅសង្កាត់មនោរម្យ ខណ្ឌ៧មករា មានស្រុកកំណើត ភូមិទាំងឫស្សី ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ និងទី២.ឈ្មោះ ធឿន វ៉ាន់ដែន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ស្នាក់នៅជាមួយគ្នា។ ចំណែកម្ចាស់ហាង គ្រាន់តែដឹងថា ជាអ្នកមានស្រុកកំណើត នៅភូមិឃុំជាមួយគ្នា។

តាមសម្តីបុរសឈ្មោះ មាន រ៉ូណន់ ជាភ្ញៀវ បានឲ្យដឹងទាំងសភាពស្រវឹងទោទន់មាត់ថា ខ្លួនចូលផឹកស៊ី នៅហាងខាងលើមានគ្នា២នាក់ រួមទាំងស្រីកំដរ២នាក់ទៀត សរុបគ្នា៤នាក់ នឹកឃើញថាជាអ្នកមានស្រុកកំណើត ជាមួយគ្នា ចូលតាំងពីម៉ោង២អធ្រាត្រដល់ម៉ោង៦និង៣០នាទីព្រឹក ពួកគេផឹកអស់តែកន្លះកេសទេ ចុះហេតុអ្វីបានជាហាងគិតលុយអស់ដល់ទៅស្រា៣កេស ស្មើ៩១ដុល្លាទៅវិញ ទើបគាត់មិនសុខចិត្ត ទាមទាររកយុត្តិធម៌។

តែបើតាមសម្តីម្ចាស់ហាងវិញ បានឲ្យដឹងថា នឹកឃើញជាអ្នកស្រុកភូមិជាមួយគ្នា គាត់គិតមួយឈុត ៣០ដុល្លារ ស្មើនឹងស្រាបៀ១កេស ម្ហូបចំនួន៤មុខ ក៏ប៉ុន្តែគ្រាដែល បុរសខាងលើ ចូលផឹកស៊ីសរុបទាំងស្រី២នាក់ទៀត ទាំងអស់៤នាក់ ផឹកអស់១កេស ហៅថែមស្រាបៀ១កេសទៀត តាំងពីម៉ោង២រំលងអធ្រាត្រ ថ្ងៃទី០៦ ខែមិថុនា រហូតដល់ម៉ោង៦និង៣០នាទីព្រឹក ហៅដាក់ស្រាបៀ៣កេស ផឹកអស់ស្រាបៀ២កេសកន្លះទេ រួមទាំងទឹកសុទ្ធ១ដប សល់ស្រាទាំងប៉ុន្មានគាត់ ចងវិចខ្ចប់ទុកឲ្យភ្ញៀវទៀត គិតលុយអស់៩១ដុល្លារ បែជាស្រែកចោទថា ហាងកោរទៅវិញ ទុកម៉ូតូឲ្យទៅហាង ប្រាប់ថាទៅរកលុយ បែជាទៅប្តឹងប៉ូលិស។

រឿងចម្រូងចម្រាស់គ្នារវាងភ្ញៀវ និងម្ចាស់ហាងKTV សមត្ថកិច្ចបានចុះទៅសាកសួរ ជាក់ស្តែង គ្មានអ្វីដែលថាហាងកោរនោះទេ ម្ហូបគ្នាហៅបន្ថែមផង គិតតែតម្លៃស្រាប៉ុណ្ណោះ តែបែរជាភ្ញៀវស្រែកឡូឡាថាអយុត្តិធម៌ ទៅវិញ។

ដោយសារនិយាគ្នាលែងស្តាប់ ទោះជាម្ចាស់ហាង យោគយល់នឹកថា អ្នកស្រុកភូមិជាមួយគ្នា បញ្ចុះតម្លៃមកត្រឹមតែ១កេស ក៏បុរសខាងលើ មិនសុខចិត្ត ឡាំប៉ាដល់ក្នុងប៉ុស្តិ៍ប៉ូលិស ហួសនិយាយ ដោយអំណាចនៃសារជាតិស្រវឹង ដោះស្រាយមិនចេញ មានតែរងចាំឲ្យបុរសរូបនោះស្វាងស្រាសិន ចាំនិយាយគ្នាក្រោយ ៕

មតិយោបល់