កំពង់ចាមៈ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ បង្រ្កាបករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ត្រូវបានលោក សួន សំណាង ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ចាម ចេញដីកាបង្គាប់ឱ្យឃុំខ្លួន លេខ ៣៤៦ ត.ព្រ ចុះថ្ងៃទី០៨-០៦-២០១៨ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ប្រព្រឹត្តនៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង២និង៣០នាទីទៀបភ្លឺ មានឈ្មោះ អ៊ុង ប៊ុង ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិបឹងរៃ ឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានលួចឡើងលើផ្ទះរបស់ជនរងគ្រោះ នៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងបានរួមភេទជាមួយជនរងគ្រោះ ភេទស្រី អាយុ១៤ឆ្នាំ។ ពេលនោះឪពុករបស់ជនរងគ្រោះ ឡើងទៅទាន់ ក៏បានចាប់ខ្លួនឈ្មោះ អ៊ុង ប៊ុង ហើយរាយការណ៍ជូនសមត្ថកិច្ច។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានចុះធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ុង ប៊ុង ដើម្បីចងក្រងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។
បច្ចុប្បន្ន ជនជាប់ចោទ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម៕
មតិយោបល់