ព័ត៌មានជាតិ

ដេញចាប់ចោរតាមប្រព័ន្ធ GPS ផ្អើលពលរដ្ឋពេញក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ មានការភ្ញាក់ផ្អើលពលរដ្ឋពេញក្រុងកំពង់ឆ្នាំង បន្ទាប់ពីសមត្ថកិច្ចនិងប្រជាពលរដ្ឋបានដេញព័ទ្ធចាប់បុរសម្នាក់ ដែលជាចោរលួចទូរស័ព្ទ និង កាបូបលុយ នៅកន្លែងពិធីបុណ្យសព ហើយព្យាយាមរត់គេចខ្លួន។

ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីម៉ោង១០ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ នៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចដេញចាប់ប្រថាប់ប្រភីងនេះ ឈ្មោះ ប៉ាត់ បូ ភេទប្រុស អាយុ៤៧ឆ្នាំ និងមានប្រពន្ធឈ្មោះ ទួន ផល្លី អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិសំរោង សង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ម្ចាស់ផ្ទះឈ្មោះ ស៊ឹម គឹមសៀង មានពិធីបុណ្យបូជាសព ហើយបងប្អូននៅទីនោះបានអង្គុយកំដររោងបុណ្យផងដែរ ស្រាប់តែក្នុងអំឡុងម៉ោងជិត១រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែមិថុនា ភ្ញាក់មកស្រាប់តែបាត់ការបូបលុយ និងទូរស័ព្ទអស់ចំនួន៤គ្រឿង នៅពេលនោះក៏បាននាំគ្នាដើររកភ្លាមៗដែរ តែរកពុំឃើញ រហូតដល់ម៉ោង៥ជិតភ្លឺ ក្រុមគ្រួសារក៏បើកមើលប្រព័ន្ធGPS ទូរស័ព្ទបានផ្តល់សញ្ញាថា ទូរស័ព្ទដែលបានបាត់ស្ថិតនៅក្នុងភូមិសំរោង សង្កាត់ផ្សារឆ្នាំង ពេលនោះម្ចាស់ដែលជនរងគ្រោះបានប្តឹងទៅសមត្ថកិច្ច ហើយជសង្ស័យបានដឹងខ្លួនទាន់ ក៏រត់គេចខ្លួន ហើយក៏ត្រូវសមត្ថកិច្ចដេញរាប់គីឡូម៉ែត្រ ទើបចាប់បាន។

ក្រោយពីចាប់ខ្លួនជនសង្ស័យបានបដិសេធថា ខ្លួនមិនបានលួចកាបូប និងទូរស័ព្ទនោះទេ និងសមត្ថកិច្ចបានចុះទៅឆែកឆេរនៅផ្ទះជនសង្ស័យ ក្នុងពេលចុះទៅឆែកឆេរប្រពន្ធជនសង្ស័យបានរត់គេចខ្លួនថែមទៀត ។ សម្ភារៈដែលបាត់បង់រួមមាន៖ ទូរស័ព្ទទំនើប Iphone ចំនួន៤គ្រឿង លុយដុល្លារចំនួន១៥០០ដុល្លារ និងលុយខ្មែរចំនួន៣០ម៉ឺនរៀល។

ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់