ភ្នំពេញៈ រថយន្តម៉ាករថយន្តLEXUS GX-470 មួយគ្រឿង បានបើកក្នុងល្បឿនលឿន បណ្ដាលឲ្យធ្លាក់ផ្លូវចូលប្រឡាយ ទាំងព្រឹក ដោយមិនដឹងថា អ្នកបើកបរស្រវឹងស្រា ឬងងុយដេកនោះទេ។
លុះពេលអ្នកកាសែតទៅថត បែរជាអ្នកបើកបររថយន្តខាងលើ រួមជាមួយតារាចម្រៀងម្នាក់ ឈ្មោះ មាស សារិទ្ធ ដែលជាកូនប្រុសលោក មាស សារ៉ាន់ ស្លៀកពាក់ស៊ីវិល ពាក់មួកយោធាស្រែកដៀលអ្នកកាសែតទៅវិញ។
ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅតាមផ្លូវបេតុង ភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។រហូតដល់វរលាម៉ោង៦និង២០នាទីព្រឹកថ្ងៃដដែលទើបមានរថយន្តស្ទូច មកស្ទូចយករថយន្តចេញពីកន្លែងកើតហេតុ ដើម្បីយកទៅធ្វើការជួសជុលដោយខ្លួនឯង។
រថយន្តខាងលើម៉ាក LEXUS GX-470 ពណ៌កាកអំពៅ ពាក់ស្លាកលេខភ្នំពេញ 2AJ-2902 បើកបរដោយបុរសចំណាស់ម្នាក់ មិនស្គាល់អត្តសញ្ញាណ។ ចំណែកបុរសម្នាក់ទៀត មានសក់វែងកន្ទ្រើងប្រះស្មាស្លៀក ខោខ្លីពណ៌ស ពាក់អាវយឺតពណ៌ក្រហមដៃខ្លី ពាក់មួកទាហាន និងស្បែកជើងផ្ទាត់នោះ បានប្រាប់ថា ខ្លួនឈ្មោះ មាស សារិទ្ធ គឺជាកូនប្រុស លោកមាស សារ៉ាន់ ដែលជាអ្នកចម្រៀង ហើយបានស្រែកបញ្ចេញកំហឹងដាក់អ្នកកាសែតខ្លាំង ជាងអ្នកបើករថយន្តទៀត។
តាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តខាងលើបានបើកបរធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនគួរសមដែរ។ លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរ៉េចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយទឹកទាំងកម្រោលតែម្ដង សំណាងល្អមិនមានអ្នករងរបួសនោះទេ៕
មតិយោបល់