ភ្នំពេញៈ ទីបំផុតទៅ សំណុំរឿង ចុះបង្ក្រាបទីតាំង កាត់ត និងដំឡើងរថយន្តខុសបទដ្ឋានបច្ចេកទេស ដោយខុសច្បាប់ នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅនោះ ហាក់ស្ងាត់បាត់ដំណឹងសូន្យឈឹង មិនឮដំណឹងអ្វីទៀតឡើយអំពីនីតិវិធី ខណៈដែលលេចឮព័ត៌មានថា មេការយានដ្ឋាន ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ដោយមិនចាំបាច់បញ្ជូនទៅតុលាការ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីបានឃាត់ខ្លួន ដោយមានការឯកភាពពីលោក ហោ លីណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ជនសង្ស័យឈ្មោះ ឃឹន បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ជាមេការយានដ្ឋាន កាត់ត និងដំឡើងរថយន្តខុសច្បាប់ ត្រូវបានបញ្ជូនខ្លួនទៅកាន់ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដើម្បីសាកសួរ។
បើតាមប្រភព ក្រោយសាកសួរ រួច ជនសង្ស័យជាមេការ មិនត្រូវបានសមត្ថកិច្ច បញ្ជូនខ្លួនទៅតុលាការក្រុងភ្នំពេញ ដើម្បីបន្តនីតិវិធីតាមច្បាប់នោះទេ។
ពាក់ព័ន្ធ នឹងការបន្តនីតិវិធី នៃសំណុំរឿងនេះ យើងព្យាយាមទាក់ទង ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ តាមទូរស័ព្ទដែរ ប៉ុន្តែទូរស័ព្ទរបស់លោកត្រូវ ជំនួយការលោកឆ្លើយជំនួសថា លោក ឧត្តមសេនីយ៍ជាប់ប្រជុំ ចំណែករឿងចុះបង្ក្រាបបទល្មើសខាងលើនោះសូមទៅសួរខាងតុលាការ។
ចំណែកលោក ហោ លីណា ព្រះរាជអាជ្ញរងអមសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធឆ្លើយសំណួររបស់អ្នកសារព័ត៌មាន លើសំណុំរឿងនេះ ដោយបញ្ជាក់តាមក្រឡាបញ្ជីលោកថា ឲ្យអ្នកកាសែត ទៅសួរមន្ត្រីជំនាញវិញ។
ដោយឡែក លោកព្រះរាជអាជ្ញារង លី សុផាណា ដែលជាអ្នកនាំពាក្យ ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏មិនឆ្លើយសំណួរអ្នកកាសែត ពាក់ព័ន្ធចំណាត់ការ នៃសំណុំរឿងនេះ ដូចគ្នា។
សូមជម្រាបជូនថា កម្លាំងនគរបាល នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាន បានសហការជាមួយកម្លាំងនគរបាល ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីពីលោក ហោ លីណា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ បានចុះបង្ក្រាប បទល្មើស កាត់ត និងដំឡើងរថយន្តខុសបទដ្ឋានបច្ចេកទេស ខុសច្បាប់ មួយកន្លែង នៅស្ថិតនៅ ឃ្លាំងលេខ១៥B ផ្លូវ៥៩៨ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានម្ចាស់ឈ្មោះ អោក សំអ៊័ង និងមេការឈ្មោះ ឃឹន បញ្ញា។
នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនោះ កម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការត្រួតពិនិត្យឆែកឆេរជាក់ស្តែងរកឃើញរថយន្តចំនួន ១០គ្រឿង ក្នុងនោះរថយន្តបានតម្លើងរួចចំនួន ៥គ្រឿង(ម៉ាក lexus ៣គ្រឿង camry hybrigde ១គ្រឿង និង highlander ១គ្រឿង) និងចំនួន៥គ្រឿងទៀត ដំឡើងពុំទាន់រួច (ម៉ាកlexus ២គ្រឿង camry hybrigde ១គ្រឿង និងpruis ២គ្រឿង)។
ចំពោះវត្ថុតាងទាំងអស់ខាងលើលោកព្រះរាជអាជ្ញារងបាន សម្រេចឲ្យបិទផ្លុំបេសៀលរក្សាដាក់ទុកក្នុងយាន្ដដ្ឋានខាងលើចំនួន៥គ្រឿង(រថយន្តតម្លើងពុំទាន់រួច) និងចំនួន ៥គ្រឿងដែលបានដំឡើងរួច បានដកហូតយកមករក្សាទុកនៅនាយកដ្ឋាន៕
មតិយោបល់