ព័ត៌មានជាតិ

ស្នេហាភេទដូចគ្នា! ត្រូវឪពុកម្ដាយមិនយល់ព្រមមកបំបែកបំបាក់!..

ភ្នំពេញៈ ស្រីស្រឡាញ់ស្រី បង្កើតជាស្នេហាដែលមានភេទដូចគ្នាដោយបានចងចំណងស្នេហ៍អស់រយៈពេល៧ឆ្នាំ ឪពុកម្តាយខាងតួរអង្គស្រីតឹងទ្រូង ក្រំចិត្តអាណិតវាសនាកូន កើតមកមួយជាតិ បែរជាជ្រើសរើសយកភេទដូចគ្នាជាគូរគាប់ ស្តីប្រដៅលែងស្តាប់ ចាត់វិធានការតាមទៅចាប់យកកូនវិលត្រឡប់ទៅផ្ទះវិញ ធ្វើឲ្យតួរអង្គខាងប្រុសអង្គុយសម្រក់ទឹកភ្នែក នឹកសង្វេគ ស្តាយស្រណោះ ជាខ្លាំងពន់ពេក។

រឿងរ៉ាវនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ភាគីខាងដើរតួរប្រុស(ស្រី តែតាំងខ្លួនធ្វើជាប្រុស) ឈ្មោះ វ៉ាត់ សុខន អាយុ៣៥ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ភូមិត្រពាំងធ្នង់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ មានឪពុកឈ្មោះ វង់ សម្បត្តិ អាយុ៥៨ឆ្នាំ មុខរបរ កសិករ មាន ម្តាយឈ្មោះ សៀង ស្រូយ អាយុ៥០ឆ្នាំ មុខរបរកសិករ រស់នៅភូមិខាងលើ មានបងប្អូន៤នាក់ ប្រុស១ ស្រី៣ តួរអង្គខាងលើ ជាកូនទី១ ។ ចំណែកភាគី ខាងស្រីពិតប្រាកដ មានឈ្មោះ ឈាង វី អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ភូមិស្តុក ឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ មានឪពុកឈ្មោះ ម៉ែន ប៉ឹក អាយុ៥២ឆ្នាំ មុខរបរ កសិករ មានម្តាយឈ្មោះ សាវ គង់ អាយុ៥១ឆ្នាំ មុខរបរ កសិករ នាងមានបងប្អូន៦នាក់ ប្រុស១នាក់ ស្រី៥នាក់ ហើយនាងជាកូនទី៣ ក្នុងគ្រួសារ។

តាមសម្តីភាគីខាងស្រី បានឲ្យដឹងថា គាត់ស្រឡាញ់ ឈ្មោះ វ៉ាត់ សុខន ដោយស្ម័គចិត្ត ទោះជាគាត់ ធាតុពិតជាស្រីមែន ជ្រើសរើសយកធ្វើជាស្វាមី ដោយចិត្តនាង ចេះថ្នាក់ថ្នម បីបមចិត្ត ជាងប្រុសពិតទៅទៀត ហើយគាត់ស្រឡាញ់គ្នា៧ឆ្នាំមកហើយ បងប្អូន ក្រុមគ្រួសារ ឪពុកម្តាយមិនពេញចិត្ត នូវទង្វើរស្រីស្រឡាញ់ស្រីដូចគ្នាដូចគាត់នេះ នៅតែគាត់ក្រាញ់ននៀលងប់ ស្រឡាញ់គាត់ ។

ចំណែកភាគីតួរអង្គប្រុសវិញ បានឲ្យដឹងថា ថ្វីគាត់ជាស្រីពិតប្រាកដមែន តែការងារ ចរឹកឫកពាគាត់ជាមនុស្សប្រុស គាត់ចេះយល់ចិត្ត យល់អារម្មណ៍ ដឹងទុក្ខធុរៈនាងខាងលើ ចាត់ទុកជាប្រពន្ធរបស់គាត់ ទោះជាមជ្ឈដ្ឋានជុំវិញពេបជ្រាយបែបណាក៏ដោយ គាត់តាំងចិត្តយកស្រីដូចគ្នាធ្វើជាប្តីប្រពន្ធ ដូចមនុស្សភេទផ្ទុយគ្នាដែរ អស់រយៈពេល៧ឆ្នាំហើយ ដែលពួកគាត់ យកគ្នាជាប្តីប្រពន្ធ ។
រីឯឪពុកម្តាយ ខាងតួរប្រុសវិញ បានឲ្យដឹងថា ពួកគាត់មិនដឹងទេ ជាសិទ្ធរបស់កូន ធ្វើយ៉ាងម៉េចបើនិស្ស័យកូនបែបនេះទៅហើយ សូមតែម្យ៉ាង សូមឲ្យកូនកុំកន្លងហួសពីច្បាប់សង្គម អ្វីជាបទល្មើស ពាក់ព័ន្ធផ្លូវច្បាប់ចូរជៀសវាង ។

ដោយឡែកតាមសម្តី ឪពុកម្តាយ ខាងតួរស្រីវិញ បានឲ្យដឹងថា រឿងរ៉ាវស្នេហា ជីវិតកូនស្រីគាត់ម្នាក់នេះ ច្រើនឆ្នាំមកហើយ ក្រោយពីដឹងថា កូនស្រីមានស្នេហា ជាមួយមនុស្សស្រី ភេទដូចគ្នា ធ្វើឲ្យអារម្មណ៍ ស្ទើរបែកទ្រូងទៅហើយ ព្យាយាម លួងលោម ស្តីប្រដៅ សូមឲ្យកូនវិលទៅផ្ទះ កើតមកមួយជាតិនឹងគេដែរ គាត់ចង់ឃើញកូនស្រី មានប្តី គូស្រករ ត្រឹមត្រូវ មានកូនចៅ សាងត្រកូល ពីមួយថ្ងៃទៅមួយថ្ងៃ ចេះតែ លួងឲ្យកូនទៅផ្ទះ បែរជាកូនមិនព្រម មិនស្តាប់ ទើបនៅរសៀលថ្ងៃទី១៣នេះ ចាត់វិធានការ មកចាប់កូននាំវិលទៅផ្ទះ ចំពោះ ភាគីម្ខាង គឺគាត់មិនប៉ះពាល់ឡើយ សូមយកតែកូនគាត់វិលទៅផ្ទះទេ។

ភាពចម្រូងចម្រះ ការក្រាញ់ននៀលរបស់ភាគីខាងតួរស្រី ត្រូវបានឪពុកម្តាយ សាច់ញាតិ នាំទៅប៉ុស្តិ៍ប៉ូលិស រាយការណ៍សុំយកតែកូនវិលទៅផ្ទះទេ។
ចំពោះសមត្ថកិច្ចវិញ បានឲ្យដឹងថា នេះជារឿងក្រុមគ្រួសារគាត់ទេ ហើយឪពុកម្តាយគេ យកតែកូនគេទៅផ្ទះ មិនមែនជាបទល្មើសអ្វីឡើយ សុំឲ្យតែសុខទៅ។
ក្រោយពីឪពុកម្តាយ សាច់ញាតិភាគីខាងតួរស្រី ចាប់នាំកូនគេវិលត្រឡប់ទៅផ្ទះ ភាគីខាងតួរប្រុស បានត្រឹមអង្គុយសម្រក់ទឹកភ្នែក ក្រោយពីគូកំណាន់ចិត្តដែលស្រឡាញ់ស្មើរជីវិខ្លួនត្រូវបាន ឪពុកម្តាយនាងចាប់នាំទៅផ្ទះវិញ ចំណែកខ្លួនបានត្រឹមតែអង្គុយមើលតែប៉ុណ្ណោះ៕

មតិយោបល់