ក្រចេះ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ លោក អេង ចំណាប់ បានសម្រចឃុំខ្លួនបណ្តោះអាសន្ន នៅក្នុងពន្ធនាគារខេត្ត នារសៀលថ្ងៃទី៣០ខែធ្នូនេះ ដោយចោទប្រកាន់ពីបទ (ឆបោក) បន្ទាប់ពីជននេះបានយកឈ្មោះ ថ្នាក់ដឹកនាំក្នុងខេត្តក្រចេះជាច្រើននាក់ ដើរប្រមូលលុយពីរថយន្តដឹកឈើ។
ជនសង្ស័យរូបនេះ ឈ្មោះ ព្រហ្ម ណីរដ្ឋ អាយុ២៩ឆ្នាំ រស់នៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានកម្លាំងអាវុធហត្ថក្រុងក្រចេះ ដឹកនាំដោយលោក ជា សុភក្រ័ ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត ចាប់ឃាត់ខ្លួនបានកាលពីថ្ងៃទី២៨ខែធ្នូ នៅក្នុងក្រុងក្រចេះ ក្រោយពីជននេះ បានជួយនិយាយជាមួយឈ្មួញរកស៊ីឈើ ដោយយកឈ្មោះថ្នាក់ដឹកនាំក្នុងខេត្ត ទៅគំរាមកំហែងយកលុយពីអ្នករកស៊ីដឹកឈើ។
ព្រះរាជអាជ្ញារងសាលាដំបូងខេត្តក្រចេះ លោក ជា សុភ័ក្រ បានឱ្យដឹងថា ជនម្នាក់នេះ គឺបានធ្វើសកម្មភាព ជិះរថយន្តរបស់ខ្លួនដើរប្រមូលលុយពីរថយន្តដឹកឈើអស់រយៈពេលជាង១ខែមកហើយ ក៏ដូចជាចេញមុខរត់ការរថយន្តដឹកឈើឱ្យក្រុមឈ្មួញមួយចំនួន ដោយជននេះបានយកឈ្មោះ មន្ត្រីជំនាញជាច្រើននាក់ ទៅបោកបញ្ឆោតយកលុយពីរថយន្តដឹកឈើទាំងនោះ ។
លោកថា ជនម្នាក់នេះ ត្រូវបានតំណាងអយ្យការខេត្ត សម្រេចចេញដីការឃុំខ្លួន នៅក្នុងពន្ធនាគារខេត្ត ហើយនៅរសៀលថ្ងៃទី៣០ខែធ្នូនេះ៕
មតិយោបល់