ព័ត៌មានជាតិ

បុគ្គលិកធនាគារម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីប្រទូស្តកេរ្តិ៍ខ្មាស!

ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់តាមបណ្តឹងស្ត្រីរងគ្រោះ ករណីអំពើប្រទូស្តកេរ្តិ៍ខ្មាស(ចាប់ឱបថើប)។
ករណីនេះកើតឡើងកាលពី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង០៥ និង៣៥នាទី នៅចំណុចមុខបន្ទប់ជួលសង់ថ្មី ផ្លូវបេតុង ភូមិអូរបែក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

សមត្ថកិច្ចប្រាប់ថា ស្ត្រីរងគ្រោះឈ្មោះ ស.ច.រ អាយុ២៥ឆ្នាំ មុខរបរជាងដេរខោអាវ ស្នាក់នៅខណ្ឌសែនសុខ។ ចំណែកជនសង្ស័យឈ្មោះ តាំង សុភិន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកធនាគារបាងកក ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិអូរបែក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ ជាគូដណ្តឹងនឹងគ្នា ក្រោយមកជនសង្ស័យ និងជនរងគ្រោះ បានផ្តាច់ពាក្យវិញ។ លុះដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ពេលយប់ជនរងគ្រោះ និងគូដណ្តឹងក្រោយ ឈ្មោះ អ៊ុក សុគាន់ កំពុងនៅក្នុងបន្ទប់ជួលរបស់ខ្លួន ស្រាប់តែជនសង្ស័យបានដើរមកជិតបន្ទប់ជួលរបស់ជនរងគ្រោះ រួចជនសង្ស័យយកជើងរបស់ខ្លួនធាក់ទ្វារបន្ទប់របស់ជនរងគ្រោះ រួចដើរចេញទៅបាត់។

លុះដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ វេលាទៀបភ្លឺ ជនសង្ស័យបានធាក់ទ្វារបន្ទប់របស់ជនរងគ្រោះលើកទី២ ។ មកដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៥និង៣០នាទី ជនសង្ស័យបានមកធាក់ទ្វារបន្ទប់របស់ជនរងគ្រោះជាលើកទី៣។ ភ្លាមនោះ ជនរងគ្រោះបានងើបបើកទ្វារបន្ទប់មើល ស្រាប់តែជនសង្ស័យ ប្រើដៃរបស់ខ្លួនចាប់ឱបថើបថ្ពាល់របស់ជនរងគ្រោះ។ ភ្លាមនោះគូដណ្តឹងជនរងគ្រោះឈ្មោះ អ៊ុក សុគាន់ ឃើញ ក៏ស្ទុះមកចាប់បំបែកចេញ រួចក៏មានការប្រតាយប្រតប់គ្នា ហើយជនរងគ្រោះ និងគូដណ្តឹង បានចាប់ឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម យកទៅធ្វើការសាកសួរ ហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅពេលក្រោយ ៕

មតិយោបល់