ភ្នំពេញៈ ស្ត្រីជាមេក្លោងជួញដូរគ្រឿងញៀនដ៏ល្បីល្បាញ ប្រចាំភូមិអង្គ្រង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ម្នាក់ ដែលធ្លាប់ត្រូវបាន នគរបាលស្រុកឧដុង្គ ចាប់ខ្លួន ២លើក ប៉ុន្តែមិនមានវាសនាជាប់គុកនោះ ឥឡូវនេះ ត្រូវបាននគរបាលស្រុកពញាឮ ខេត្តកណ្តាល ចាប់បានវិញម្តង និងត្រូវតុលាការខេត្តកណ្តាលសម្រេចឃុំខ្លួននៅក្នុងពន្ធនាគារ។
បើយោងតាមរបាយការណ៍របស់នគរបាលស្រុកពញាឮ ស្ត្រីមេក្លោងជួញដូរគ្រឿងញៀនរូបនោះ មានឈ្មោះ ប្រេស ស្រីមុំ អាយុ ៣៤ឆ្នាំ មានទីលំនៅ ភូមិអង្គ្រង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់នាង។
សមត្ថកិច្ច បានឃាត់ខ្លួនស្ត្រីខាងលើនេះ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ពូន ស៊ីណា ហៅ ញ៉ាញ់ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិដំណាក់ព្រីងឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ដកហូតបានគ្រឿងញៀន ៣កញ្ចប់ និងសារភាពថា រូបគេបានទិញគ្រឿងញៀន ពីស្ត្រីឈ្មោះ ប្រេស ស្រីមុំ ដែលរស់នៅភូមិអង្គ្រង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ទើបសមត្ថកិច្ចឈានដល់ការឃាត់ខ្លួនស្ត្រីរូបនោះតែម្តង។
នៅពេលឃាត់ខ្លួនស្ត្រីឈ្មោះ ប្រេស ស្រីមុំ សមត្កិច្ច ដកហូតបាន ជញ្ជីងថ្លឹងសារធាតុញៀន ចំនួន ០១គ្រឿង, ទូរសព្ទ័ Nokia ចុចពិល ចំនួន ០១គ្រឿង និងសម្ភារវិចខ្ចប់ គ្រឿងញៀន មួយចំនួន។
សូមជំរាបជូនថា ស្ត្រីមេក្លោងជួញដូរគ្រឿងញៀន ឈ្មោះ ប្រេស ស្រីមុំ និងប្តីរបស់នាង ឈ្មោះ ទើម ធ្លាប់ត្រូវបាន កម្លាំងនគរបាលស្រុកឧដុង្គ ឃាត់ខ្លួន កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់នាង ដោយដកហូតបាន គ្រឿងញៀន ២កញ្ចប់ និងជញ្ជីងថ្លឹងគ្រឿងញៀន ១គ្រឿង។
ក្រោយនាំខ្លួនទៅសាកសួរ ប្តីរបស់នាងមានឈ្មោះ ទើម ត្រូវបាននគរបាលស្រុកឧដុង្គ ដោះលែងវិញនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ក្រោមហេតុផលថា មិនមានការជាប់ពាក់ព័ន្ធ។
ក្រោយមកនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នគរបាលស្រុកឧដុង្គ បានបញ្ជូនខ្លួនស្ត្រីជាមេក្លោងជួញដូរគ្រឿងញៀនឈ្មោះ ប្រេស ស្រីមុំ រួមនិងវត្ថុតាងទៅតុលាការខេត្តកំពង់ស្ពឺ។
អ្វីដែលជារឿង គួរឲ្យពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន ងឿងឆ្ងល់ និងសម្តែងការខកចិត្តនោះ គឺស្ត្រីឈ្មោះ ប្រេស ស្រីមុំ ត្រូវតុលាការសម្រេចដោះលែង ឲ្យមកផ្ទះវិញ នៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ដដែល។
សូមបញ្ជាក់ កាលពីដើមខែឧសភា ឆ្នាំ២០១៨ កន្លងទៅ ស្ត្រីឈ្មោះ ប្រេស ស្រីមុំ ត្រូវបាននគរបាលស្រុកឧដុង្គចាប់ខ្លួនម្តងទៀត យកទៅសាកសួរ ក្រោយពីសមត្ថកិច្ច ចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅភូមិរបស់នាង ប៉ុន្តែនាងនៅតែគ្មានវាសនា ជាប់គុកដដែល ពោលគឺត្រូវនគរបាលស្រុកឧដុង្គដោះលែងឲ្យត្រលប់មកផ្ទះវិញ។
បើតាមប្រភពពីសមត្ថកិច្ចស្រុកពញាឮ បានបង្ហើបឲ្យដឹងថា ស្ត្រីជាមេក្លោងជួញដូរឈ្មោះ ប្រេស ស្រីមុំ បានប្រាប់នគរបាលថា នៅពេលនាងត្រូវចាប់ខ្លួនលើកទី១ នៅខេត្តកំពង់ស្ពឺ នាងចំណាយលុយ អស់ ៤០០០ដុល្លារ ទើបរួចខ្លួនមិនត្រូវតុលាការឃុំខ្លួន។
នៅពេលនាងត្រូវចាប់ខ្លួនលើកទី២ នាងបានចំណាយលុយ អស់ ៥០០ដុល្លារទើប រួចខ្លួនម្តងទៀត។
ពាក់ព័ន្ធបញ្ហា ចាប់ខ្លួន ស្ត្រីឈ្មោះ ប្រេស ស្រីមុំ នេះលោក ខឹម សាម៉ុន អធិការនគរបាលស្រុកឧដុង្គ បានឲ្យដឹងតាមទូរស័ព្ទថា កម្លាំងនគរបាលលោក ពិតជាធ្លាប់បាន ចាប់ខ្លួនស្ត្រីរូបនេះ បាន ២លើកមែន។
លោកអធិការបាន បន្តថា នៅពេលចាប់ខ្លួនលើកទី១ នគរបាលជំនាញ បានកសាងសំណុំរឿង បញ្ជូនខ្លួន ស្ត្រីឈ្មោះ ប្រេស ស្រីមុំ និងវត្ថុតាង រួមមានគ្រឿងញៀន និងជញ្ជីងថ្លឹងគ្រឿងញៀន ទៅតុលាការខេត្តកំពង់ស្ពឺ ប៉ុន្តែតុលាការដោះលែងនាងមកវិញ លោកក៏មិនដឹងដែរ ព្រោះនេះជាឆន្ទានុសិទ្ធិរបស់តុលាការ។
ចំណែកចាប់លើកទី២ គឺកម្លាំងនគរបាលលោក បានយកនាង ទៅតទល់ជាមួយជនសង្ស័យម្នាក់ ដែលត្រូវចាប់ខ្លួនក្នុងភូមិជាមួយនាង ឲ្យជនសង្ស័យនោះ បញ្ជាក់ថា ទិញគ្រឿងញៀន ពីនាង ឬមិនមែន ប៉ុន្តែដោយជនសង្ស័យឆ្លើយថា មិនមែន លោកក៏ដោះលែងនាងឲ្យទៅផ្ទះវិញទៅ។
ចំពោះ ការលេចឮដំណឹងថា នាងចាយលុយ អស់រាប់ពាន់ដុល្លារ ដើម្បីរួចខ្លួន ពីគុក នៅពេលនគរបាលចាប់ខ្លួន ទាំង២លើកនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នោះ លោក ខឹង សាម៉ុន ថា លោកអត់ដឹងទេ។
គួររំលឹកថា កាលពីដើមខែមីនា ឆ្នាំ២០១៨ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន ២នាក់ ម្នាក់ឈ្មោះ ទ្រី និងម្នាក់ទៀតឈ្មោះ ខ្នុយ រស់នៅភូមិតាគោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ត្រូវបាននគរបាលស្រុកឧដុង្គ ឃាត់ខ្លួនបាននៅតាមបណ្តោយផ្លូវជាតិ លេខ ៥១ ក្នុងទឹកដីខេត្តកំពង់ស្ពឺ គ្រាដែលពួកគេ រងចាំទិញគ្រឿងញៀន។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យ ត្រូវបាននគរបាលស្រុកឧដុង្គដោះលែងវិញ ដោយម្តាយរបស់ជនសង្ស័យឈ្មោះ ទ្រី និងឈ្មោះ ខ្នុយ បានអះអាងថា ពួកគាត់បានចំណាយលុយម្នាក់ៗ ចន្លោះពី ៤៥០ដុល្លារ ទៅ៥០០ដុល្លារ ទើបដោះស្រាយកូនយកមកផ្ទះវិញបាន។
កាលពីដើមខែឧសភា ឆ្នាំ២០១៨ នេះ ក៏មានជនសង្ស័យ ២នាក់ នៅភូមិអង្គ្រង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវបាន នគរបាលស្រុកឧដុង្គ ឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន ផងដែរ តែត្រូវ នគរបាលដោះលែងវិញ៕
មតិយោបល់