ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដ៏គួរឲ្យរន្ធត់បុរសម្នាក់ បានបើករថយន្តម៉ាក Ford-Everest ទៅបុករថយន្តតាក់ស៊ីម៉ែត្រ ហើយបន្តមកបុកបង្គោលដាក់ការពាររបងស្ថានទូតអស់ជាច្រើនកង់ និងរបួសស្រាលម្នាក់។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១២ និង០០នាទីយប់ រំលងអាធ្រាតឈានចូលថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ក្រសួងទំនាក់ទំនងរដ្ឋសភា សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (គៀនរបងស្ថានទូតសូវៀត) ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរស២នាក់ រួមដំណើរជាមួយនារីម្នាក់ បានបើករថយន្តម៉ាក Ford-Everest មួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AK-7374 ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតទៅបុករថយន្តតាក់ស៊ីម៉ែត្រព្រូស ពាក់ស្លាកលេខភ្នំពេញ 2AA-9460 បណ្តាលឲ្យរងការខូចខាតផ្នែកខាងឆ្វេងរថយន្តស្ទើតែទាំងស្រុង រីឯរថយន្តFord-Everest នោះមិនទាន់អស់ល្បឿន បន្តទៅបុកបង្គោលដាក់ការពាររបងស្ថានទូតសូវៀត បណ្តាលឲ្យបាក់អស់បង្គោល ៤ និងរនាំងមួយ ចំណែករថយន្តវិញរងការខូចខាត ដាច់កង់រថយន្តផ្ទុះពោងបែកកញ្ចក់យ៉ាងដំណំ តែសំណាងល្អតាកុងមិនមានរងរបួសអ្វីនោះទេ តែអ្នកជិះខាងមុខជាមួយរងរបួសពកក្បាល ត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែង យករថយន្តទាំង២យកទៅរក្សាទុក នៅការិយាល័យចរាចរណ៏ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយទៅតាមនិតិវិធីច្បាប់៕
មតិយោបល់