ព័ត៌មានជាតិ

ស្រ្តីម្នាក់ចាញ់បោកក្រុមទម្លាក់យោងអស់មាស៧ជី លុយជាង៧០០ដុល្លារ បានមកវិញត្រឹមតែគ្រាប់កង់!

ភ្នំពេញ: ស្រ្តីម្នាក់ រត់ដើររកប៉ុស្តិ៍ប៉ូលិសលាយជាមួយនិងទឹកភ្នែកដើម្បី សុំឲ្យជួយអន្តរាគមន៍ បន្ទាប់ពីចាញ់ល្បិចក្រុមទម្លាក់យោង ល្បួងបញ្ឆោតដោះ យកគ្រឿងអលង្ការ មាសអស់៧ជី ខ្សែដៃប្លាទីនទម្ងន់៤ជី និងលុយអស់ជាង៧០០ដុល្លារ ហើយក្រុមជនសង្ស័យនាំគ្នាគេចខ្លួនបាត់អស់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅតាមផ្លូវបេតុងច្រកចូលរោងចក្រក្រដាស់ កែងផ្លូវមុខផ្សារព្រៃទា ភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្រ្តីដែលជាជនរងគ្រោះខាងលើមាន ឈ្មោះ យ៉ែម ស្រីពៅ អាយុ៣៥ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ឃុំ ពោធិ៍អង្គ្រង ស្រុកបសេធ ខេត្ត កំពង់ស្ពឺ។ សម្ភារ:ដែលបានបាត់បង់ទាំងនោះមាន គ្រឿងអលង្ការ ចិញ្ចៀន,ខ្សែក,ក្រវិល សរុបទម្ងន់៧ជីមាស ខ្សៃដៃប្លាទីនទម្ងន់៤ជី លុយដុល្លារជាង៧០០ដុល្លារ និងអត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួន កាតការងារ និងឯកសារមួយចំនួនទៀតក្នុងកាបូប ។ ដោយឡែកសម្ភារ:ដែលបានមកវិញ គ្រាប់កង់មួយកញ្ចប់ ខ្ចប់យ៉ាងស្អាត ដាក់ក្នុងកាបូប ទុកឲ្យជនរងគ្រោះកាន់ រក្សាទុកជាអនុស្សាវរីយ៍ ដ៏ជូរចត់និងទឹកភ្នែក ។

តាមការរៀបរាប់ពីស្រ្តីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គាត់ដើរចេញពីបន្ទប់ជួល បានជួបស្រ្តីជនសង្ស័យម្នាក់ មាឌធំធាត់ខ្មៅស្រអៀម មកសួរ មានឃើញកាបូប គេជ្រុះបាត់ មុននេះដែរអត់ ក្នុងនោះ មានមាស លុយជាច្រើន គ្រាន់តែឆ្លើយថាអត់ដឹងផង មិនទាន់ផុតពីមាត់ផង ក៏លេចមុខស្រ្តីសង្ស័យម្នាក់ទៀត សម្បុរស ស្គម ចំណាស់ ជិះម៉ូតូ ឌុបដោយបុរម្នាក់ មកប្រាប់ថា កុំមាត់ គេរើសបាន យើងទុកចែកគ្នា ថាហើយ បើកកាបូបឲ្យមើល ឃើញសុទ្ធតែក្រដាស់ដុល្លារ និងលោហ:ក្រហមច្រាល ក៏បបួល គាត់ជាជនរងគ្រោះ ឡើងជិះម៉ូតូ២គ្រឿង ចេញពីមុខរោងចក្រ ៣ជាន់ ផ្លូវQMI ទៅដល់ខាងមុខច្រកចូលរោងចក្រក្រដាស់ ទល់មុខផ្សារព្រៃទា ក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ឈប់ម៉ូតូ បើកកាបូបឲ្យមើលម្តងទៀត ប្រាប់ថា រង់ចាំទៅដូរចែកគ្នា តែហាមមាត់និយាយប្រាប់គេ ថាហើយ ក៏ហុចកាបូបមួយឲ្យជនរងគ្រោះកាន់ រួចក្រុមជនសង្ស័យ ចាប់ដោះយកគ្រឿងអលង្ការពីជនរងគ្រោះ និងឆក់យកកាបូបរបស់ជនរងគ្រោះ ប្រាប់ឲ្យនៅចាំ ហើយជនសង្ស័យប្រុសស្រី២នាក់ ជិះម៉ូតូចាកចេញទៅបាត់ ដោយប្រាប់ថាទៅដូរលុយ ។

ប្រភពបន្តទៀតថា ចាំមួយសន្ធុះមិនឃើញមកវិញ ជនសង្ស័យប្រុសស្រី២នាក់ទៀត ប្រាប់ថាទុកឲ្យពួកគេជិះទៅតាម កុំឲ្យស៊ីដាច់ ថាហើយចេញទៅបាត់ បន្សល់ទុកតែជនរងគ្រោះឈរចាំម្នាក់ឯង ចេះតែងឿងឆ្ងល់ ចុះទៅដូរលុយ មាស យូរម្ល៉េះ លួចបង្ហើបកាបូបមើល ពុទ្ធោ ! នៅក្នុងកាបូប សុទ្ធតែគ្រាប់កង់ ទើបស្រែកទ្រហោយំ ដឹងថាចាញ់ល្បិចក្រុមនោះហើយ ជិះម៉ូតូឌុប ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ ដែលនៅក្បែរផ្ទះស្នាក់នៅស្រាប់។
ស្រ្តីរងគ្រោះក្រោយពី សមត្ថកិច្ច ចោមចៅ៣ សាកសួរហើយ រឿងហេតុកើតឡើងនៅ ទឹកដី ភូមិសាស្រ្តសង្កាត់កាកាប២ ទើបប្រាប់ឲ្យជនរងគ្រោះទៅប្តឹងនៅ ប៉ុស្តិ៍កាកាប២វិញ ដើម្បីស្រាវជ្រាវរកមុខសញ្ញា ក្រុមទម្លាក់យោងទាំង នោះមកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់