ភ្នំពេញៈ បុរសម្នាក់ ទោះជាធ្លាប់ជាប់ពន្ធនាគារច្រើនលើកមកហើយ ពាក់ព័ន្ធនឹងគ្រឿងញៀននៅ តែមិនរាងចាល មកវិញដើរលក់ថ្នាំញៀនដដែល ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ប្រទះជួបចាប់ខ្លួនបាន រួមជាមួយថ្នាំញៀន៥កញ្ចប់ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវលំ ក្នុងភូមិថ្មគោល៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ សុខ ចាន់ឌីណូ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ លក់គ្រឿងញៀន ធ្លាប់ជាប់ពន្ធនាគារ៣ដងមកហើយ រាប់ទាំងលើកនេះជាលើកទី៤ ស្នាក់នៅផ្ទះជួលភូមិថ្មគោល៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិរំចេក ឃុំរតនៈ ស្រុកបាត់ដំបង ខេត្តបាត់ដំបង ។
តាមលោក សាន ប៉ែត នាប៉ុស្តិ៍ចោមចៅ៣ បានឲ្យដឹងថា ក្រោមបញ្ជាពីលោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ ជម្រុញឲ្យកម្លាំង ជំនាញ ប៉ុស្តិ៍រដ្ឋបាល យកចិត្តទុកដាក់ បង្ក្រាបទប់ស្កាត់រាល់បទល្មើស ដែលបង្កអសន្តិសុខក្នុងមូលដ្ឋាន រំខានដល់ការរស់នៅរបស់ពលរដ្ឋ ទើបកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ ចុះល្បាតក្នុងមូលដ្ឋាន និងសហការល្អជាមួយបងប្អូនប្រជាពលរដ្ឋ ទើបប្រទះជួបជនសង្ស័យខាងលើ កំពុងចែកចាយគ្រឿងញៀន កម្លាំងចាប់ឃាត់ខ្លួនជាក់ស្តែងតែម្តង ។
ក្រោយពីឃាត់ខ្លួនបាន ជនសង្ស័យនាំទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានបន្តតាមនីតិវិធី ៕
មតិយោបល់