ព័ត៌មានជាតិ

មន្រ្តីព្រះបរមរាជវាំងម្នាក់ ត្រូវជនសង្ស័យធ្លាប់ជាប់គុក៣ដង ធ្វើឆក់កាបូបដៃបានសម្រេច

ភ្នំពេញ: យោងតាមផេក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៦និង១០នាទីព្រឹក មានករណី ឆក់កាបូប មួយកើតទ្បើងនៅចំណុចមុខការ៉ាស់លាងរថយន្ត ផ្លូវលេខ៥១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កដោយជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូម្នាក់មួយគ្រឿង (ម៉ាក Click ពណ៌ស ០១គ្រឿង និងម៉ាក ស្កុបពី ពណ៌ខ្មៅ ០១គ្រឿង) បានធ្វើសកម្មភាពឆក់កាបូបដៃពីជនរងគ្រោះឈ្មោះ កុល ប៊ុនលី ភេទប្រុស អាយុ៥២ឆ្នាំ ស្នាក់នៅផ្ទះលេខ១៣៣ ផ្លូវលេខ២១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានមុខងារ រដ្ឋលេខាធិការ នៅព្រះបរមរាជវាំង ខណ:ពេលជនរងគ្រោះកំពុងឈរមើលគេលាង និងជូតរថយន្តរបស់ខ្លួននៅចំណុចកើតហេតុខាងលើ ។

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវរហូតដល់ម៉ោង២ទាបភ្លឺ ឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ទើបកំណត់បានមុខសញ្ញាសង្ស័យនិងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហេង ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនសង្ស័យខាងលើបានសារភាពថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៥ព្រឹក ខ្លួននិង ឈ្មោះ ខាង សីហា ហៅ សីហា បានចេញពីផ្ទះជួលនៅម្តុំច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយជិះម៉ូតូមួយគ្រឿងម៉ាក Click ពណ៌ស ស៊េរី២០២០ មិនចាំផ្លាកលេខ ចំណែកឈ្មោះ ខាង សីហា ជិះម៉ូតូមួយគ្រឿងម៉ាក Scopy ពណ៌ខ្មៅ គ្មានផ្លាកលេខ ក្នុងគោលបំណងឆ្ពោះទៅផ្សារកណ្តាល ដើម្បីយកទូរសព្ទ័ទៅដាក់បញ្ចាំ ។

ពេលធ្វើដំណើរដល់ចំណុចកន្លែង លាងរថយន្តតាមបណ្តាយផ្លូវលេខ៥១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ក៏ឃើញបុរសម្នាក់កំពុងឈរនៅចិញ្ចើមថ្នល់ មានកាន់កាបូប ០១ពណ៌ប្រផេះ ឃើញឱកាសល្អឈ្មោះ ខាង សីហា បានជិះម៉ូតូទៅអែបបុរសនោះ ហើយធ្វើសកម្មភាពឆក់យកកាបូបបានសម្រេច ក៏ជិះគេចខ្លួនចេញពីទីនោះ ដោយមានរូបខ្លួនជាអ្នកជិះម៉ូតូបិទគូទពីក្រោយ ពេលមកដល់បន្ទប់ជួលវិញបើកកាបូបនោះមើលឃើញមានប្រាក់ដុល្លារចំនួន ២០០០ដុល្លារអាមេរិក និងកាតធនាគារមួយចំនួន ហើយប្រាក់នេះខ្លួនទទួលបានចំនួន ៧០០ដុល្លារអាមេរិក។

កន្លងមកខ្លួនធ្លាប់ជាប់ពន្ធនាគារ ចំនួន០៣ដង លើកទី១ ក្នុងឆ្នាំ ២០១៣ ជាប់ពន្ធនាគាររយ:ពេល ១ឆ្នាំកន្លះ ពីបទ ឆក់, លើកទី២ ក្នុងឆ្នាំ ២០១៥ ជាប់ពន្ធនាគាររយ:ពេល ១ឆ្នាំ ពីបទ ឆក់ និងលើកទី៣ ក្នុងឆ្នាំ២០១៦ ជាប់ពន្ធនាគាររយ:ពេល ១០ខែ ពីបទ ឆក់ និងធ្លាប់ប្រើប្រាស់គ្រឿងញៀនផងដែរ ។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជូនសំណុំរឿង និងជនសង្ស័យទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់