ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ពីបទឆរបោកកាលពីថ្ងៃទី១៩ខែ សីហា ឆ្នាំ ២០២០ វេលាម៉ោង១៣នឹង០៣នាទី នៅចំណុចភូមិទួលជ្រាវ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់ប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកហុងដាC125 មួយ គ្រឿង គ្មានផ្លាកលេខ បានដឹកទឹកឃ្មុំដើរលក់ឲ្យប្រជាពលរដ្ឋទូទៅ ខណៈមកដល់ផ្ទះជនរងគ្រោះឈ្មោះ ផៃ យូវ អាយុ៦០ ឆ្នាំ ភេទស្រី រស់នៅក្នុងភូមិទួលជ្រាវ ឃុំតាលោ ស្រុកតាលោសែនជ័យ និងឈ្មោះ ប៊ូ ម៉េងគួយ អាយុ ២២ ឆ្នាំ ភេទប្រុស រស់នៅជាមួយម្ដាយមីងខាងលើ ។ ជនសង្ស័យក៏បានឈប់ម៉ូតូចូលលក់ទឹកឃ្មុំ ចំនួន២០០លីត្រឲ្យពួកគាត់ទិញទុក សម្រាប់លក់បន្តមិនបានប៉ុន្មានថ្ងៃផងទឹកនោះ ក៏ក្លាយជាក្រាមស្ករត្នោត ទើបពួកគាត់ដឹងថា ចាញ់បោកគេ ក៏ស្រាប់មានការភ្ញាក់ផ្អើកប្រញាប់ប្រញាល់ផ្តល់ ព័ត៌មានជូនលោក មេភូមិតែម្តង។
មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីអាជ្ញាធរ និងជនរងគ្រោះ សមត្ថកិច្ចបានអញ្ជើញមុខសញ្ញាលក់ទឹកឃ្មុំទាំង២នាក់ឲ្យគាត់មកទទួលយកទឹកឃ្មុំក្លែងក្លាយត្រឡប់ទៅផ្ទះវិញតាមសំណូមពររបស់ជនរងគ្រោះ និងជួយចាត់ការតាមផ្លូវច្បាប់ ។
ប្រភពដដែលបានបន្តទៀតថា ក្រោយពីបានស្តាប់ការរៀបរាប់របស់ លោកមេភូមិ និងជនរងគ្រោះ សមត្ថកិច្ច បានចុះដល់ផ្ទះជនរងគ្រោះ និងបានជួបជនសង្ស័យចំនួន ០២ នាក់មានកូនតូចចំនួន០១ នាក់ផងដែរ៖
១.ឈ្មោះ ពៅ ស្រីវុធ អាយុ៣៨ឆ្នាំ ភេទស្រី
២.ឈ្មោះ ពៅ សំណាង អាយុ៣២ឆ្នាំ ភេទស្រី
ជនសង្ស័យទាំង០២ នាក់ខាងលើនេះ មកស្នាក់នៅ ភូមិស្ទឹងតូច សង្កាត់ រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បច្ចុប្បន្នអ្នកទាំងពីរមានទីលំនៅមិនច្បាស់លាស់ ។
ចំពោះករណីនេះ សមត្ថកិច្ចបានដកហូតទឹកឃ្មុំក្លែងក្លាយ ចំនួនប្រហែល ១០០ លីត្រ និងម៉ូតូមួយគ្រឿងរួមទាំង ជនសង្ស័យទាំង០២នាក់ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក និងសុំ ការអនុញ្ញាតពី ព្រះរាជ្យអាជ្ញាចាប់ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ ដើម្បីស្រាវជ្រាវចាត់ការបន្តជុំវិញករណីរឿងមួយនេះ៕
មតិយោបល់