ភ្នំពេញៈ យុវជន២នាក់ ត្រូវជនសង្ស័យមួយក្រុមជិះម៉ូតូ៥ទៅ៦គ្រឿង មានគ្នាប្រហែល១០នាក់ ធ្វើសកម្មភាពវាយប្លន់យកម៉ូតូហុងដាឌ្រិមសង់ស៊េរីឆ្នាំ២០១៨មួយគ្រឿង បានសម្រេចបណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ និងម្នាក់ទៀតរបួសស្រាល។ ចំណែកបក្ខពួកជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌចំកាមន ធ្វើការប្រដេញចាប់បានភ្លាមៗ និងដកហូតបានម៉ូតូម៉ាកស៊ុយស៊ូគីឡែតមួយគ្រឿង រីឯបក្ខពួកផ្សេងទៀតជិះគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង៣០នាទី ទៀបភ្លឺថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅមុខផ្ទះសំណាក់៣៤២ តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ រឹទ្ធ ភេទប្រុស អាយុ២៨ឆ្នាំស្នាក់នៅពោធិ៍ចិនតុង ខណ្ឌពោធិ៍សែនជ័យ។ (រងរបួសបញ្ជូនទៅមន្ទីរពេទ្យ) និងម្នាក់ទៀតឈ្មោះ ដារ៉ា អាយុ២៩ឆ្នាំ ស្នាក់នៅម្ដុំផ្សារសូឡា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
រីឯជនសង្ស័យដែលសមត្ថកិច្ចចាប់បានទី១៖មានឈ្មោះគង់ម៉េង ភេទប្រុស អាយុ១៥ឆ្នាំមុខរបរជាងឡាន ស្នាក់ច្បារអំពៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ, ទី២.មានឈ្មោះ ឃុត ភារម្យ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ អូឌ័រ ខារ៉ាអូខេអឹមភារៀ ម្ដុំផ្សាយដីហ៊ុយ។
ចំណែកម៉ូតូដែលត្រូវជនសង្ស័យវាយប្លន់យកទៅបាត់នោះម៉ាក ហុងដាឌ្រីមស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ មិនចាំស្លាកលេខ។
បើតាមការរៀបរាប់របស់ជនរងគ្រោះដែលជិះម៉ូតូជាមួយគ្នាបានឲ្យដឹងថា មុនពេលកើតហេតុរូបគេនិងមិត្តភក្តិ( ម្ចាស់ម៉ូតូ) ទើបតែចេញពីហូបអីនៅម្ដុំមុខសាលា សាមគ្គី ដោយធ្វើដំណើរតាមបណ្ដោយផ្លុវលេខ២៧១ បំណងទៅផ្ទះសង្សានៅភូមិព្រែកទាល់។ ពេលដែលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យមួយក្រុមជិះម៉ូតូ៥ទៅ៦គ្រឿង មកពីក្រោយធ្វើសកម្មភាពវាយប្លន់យកម៉ូតូតែម្ដង បណ្ដាលឲ្យជនរងគ្រោះជាម្ចាស់ម៉ូតូរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ។
ក្រោយពីកើតហេតុភ្លាមៗកម្លាំងនគរបាកប៉ុស្ដិ៍ទំនប់ទឹកនៃអធិការដ្ឋានខណ្ឌចំកាមនធ្វើការប្រដេញចាប់បានបក្ខពួកជនសង្ស័យចំនួន២នាក់ និងដកហូតម៉ូតូម៉ាកស៊ុយស៊ូគីឡែត មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ GT-8765 យកមកសួរនាំ។
ក្រោយពីសួរនាំសមត្ថកិច្ចប៉ុស្ដិ៍ទំនប់ទឹកបានប្រគល់ជនសង្ស័យឲ្យទៅកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ២ និងឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងដើម្បីបន្តនិតិវិធី៕
មតិយោបល់