ភ្នំពេញៈ ជនសង្ស័យជាកូនជាង បានលួចចម្លងសោបន្ទប់មេជាង រួចចូលលួចគ្រឿងប្លាទីនអស់២តម្លឹង ក្រោយមកជនរងគ្រោះ បានដាក់ពាក្យប្តឹងសមត្ថកិច្ច ឲ្យចុះស្រាវជ្រាវក៏ឃាត់ខ្លួន បានជនសង្ស័យ៦នាក់ ជាកូនជាងនិង មិត្តភិក្ត រួមទាំងអ្នកស្រុកជាមួយគ្នាទាំងអស់។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់ជួល ក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យខាងលើ៖ ទី១ ឈ្មោះយឹម ផល្លី ភេទប្រុសអាយុ២៤ឆ្នាំ ជាកូនជាងទង ស្នាក់នៅជាមួយមេជាង ផ្ទះជួលខាងលើ មានទីលំនៅ នៅភូមិច្រកស្គរ ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ទី២ ឈ្មោះ អ៊ិច មករា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកូនជាងទង ស្នាក់នៅបន្ទប់ជួលជិតកន្លែងកើតហេតុ មានទីលំនៅ ភូមិតាយា ឃុំធ្លក ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ទី៣ ឈ្មោះណេត សុវណ្ណ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ជាងប្លាទីន ជាមិត្តភិក្ដរបស់ជនរងគ្រោះ មានទីលំនៅ បុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិសំដី ឃុំធ្លក ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ទី៤ ឈ្មោះសេក រតនៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាងជួសជុលម៉ាស៊ីនដេរ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើត ភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ទី៥ ឈ្មោះសង វិចិត្រ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងប្លាទីន ស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល និងទី៦ ឈ្មោះអៀង ស៊ីណាត ភេទប្រុស អាយុ២៨ឆ្នាំមុខរបរ ជាងប្លាទីន ស្នាក់នៅផ្សារដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល មានស្រុកកំណើតនៅស្រុកមេសាង ខេត្តព្រៃវែង ។
ចំណែកជនរងគ្រោះឈ្មោះ ម៉ វណ្ណៈ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមេជាងទង ស្នាក់នៅបន្ទប់ជួលកន្លែងធ្វើប្លាទីន មានស្រុកកំណើតនៅភូមិតាយា ឃុំធ្លក ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។
តាមជនរងគ្រោះបានឲ្យដឹងថា នៅល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ពេលដែលវិលត្រឡប់មកពីយកគ្រឿងប្លាទីន ឲ្យម៉ូយនៅផ្សារជម្ជូវ័នវិញ ដល់ផ្ទះឃើញកូនជាង និងមិត្តភិក្ដ កំពុងផឹកស៊ីនៅក្នុងផ្ទះ រហូតដល់វេលាម៉ោង៧យប់ ថ្ងៃដដែល អស់កម្លាំងពេក ខ្លួនក៏ចូលបន្ទប់ សម្រាកមួយសន្ទុះ ចេញមកវិញ ត្រូវបានជនសង្ស័យយកសោទៅខ្ទាស់ទ្វារជាប់ពីក្រៅ ហៅគេឲ្យជួយបើកទ្វារឲ្យទម្រាំបានចេញរួច ក៏បក្ខពួជនសង្ស័យលួចយកប្លាទីន ដែលកែច្នៃជាគ្រឿងរបស់ម៉ូយ បាត់អស់២តម្លឹង ទើបមកដាក់ពាក្យប្តឹងសមត្ថកិច្ច ចុះទៅចាប់ឃាត់ខ្លួន បានទាំង៦នាក់តែម្តង។
យ៉ាងណាមិញជនសង្ស័យទាំង៦ នាក់នោះ មិនបានឆ្លើយ ឬសារភាពថា ពួកគេបានលួចគ្រឿងប្លាទីនទម្ងន់២តម្លឹងនោះឡើយ តែសមត្ថកិច្ច នៅតែបន្តឃាត់ខ្លួន ដើម្បីធ្វើការស្រាវជ្រាវ និងសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលចោមចៅ២ ចាត់ការតាមនីតិវិធី៕
មតិយោបល់