ព័ត៌មានជាតិ

ផឹកស្រាស្រវឹងចុះទឹកហ៊ុមកំប្លោកអូសយកត្រី លង់ស្លាប់!

បន្ទាយមានជ័យៈ យ៉ាងហោចណាស់បុរសម្នាក់ក្នុងចំណោមមនុស្សជាច្រើននាក់បានលង់ទឹកស្លាប់ ខណៈនាំគ្នាយកសាច់អួនទៅអូសយកត្រីនៅក្នុងអូរមុខផ្ទះ។ ករណីលង់ទឹកស្លាប់នេះបានកើតឡើងនៅម៉ោងប្រមាណ១២រសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅកំពង់ទឹកមុខផ្ទះស្ថិតក្នុងភូមិព្រីងជូរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោក មាស រិទ្ធី អធិការនៃអធិការដ្ឋាននគរបាលស្រុក ព្រះនេត្រព្រះបានអោយដឹងថាជនរងគ្រោះក្នុងហេតុការណ៍លង់ទឹកស្លាប់នេះមានឈ្មោះ សំ សូត ភេទប្រុសអាយុ៦១ឆ្នាំ រស់នៅចំណុចកើតហេតុមានប្រពន្ធឈ្មោះ រត្ន័ ភី អាយុ៥០ឆ្នាំ។ នៅមុនពេលកើតហេតុជនរងគ្រោះនិងប្រពន្ធរួមជាមួយបងប្អូនក្មួយៗមានគ្នាប្រមាណ៧នាក់បានយកសាច់មង(អួន)ទៅហ៊ុមកំប្លោកដើម្បីអូសយកត្រី ពេលកំពុងតែហ៊ុមនោះសាច់មងបានជាប់គល់ឈើ ជនរងគ្រោះក៏បានជ្រមុជទឹកដើម្បីដោះ។ ក្រោយពីជ្រមុជទឹកទៅដោះសាច់មងពីគល់ឈើ គេគ្រប់គ្នាអត់ឃើញជនរងគ្រោះងើបមកវិញទេ ការរង់ចាំតែយូរទៅៗ ទើបសម្រេចនាំគ្នាមុជរក។ ពេលមុជរកស្រាប់តែប្រទះឃើញជនរងគ្រោះរុំជាប់នឹងមងស្លាប់យ៉ាងអណោចអាធ័មទៅហើយ។

ប្រពន្ធជនរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ចថា ប្តីគាត់មុនពេលដែលចុះទៅអូសត្រីគឺគាត់បានផឹកស្រាសអស់ជាច្រើនកែវ ។គាត់បានហាមមិនអោយចុះទឹកដែរតែប្តីគាត់មិនព្រម នៅតែជជេសចុះទៅហ៊ុមជាមួយគេទើបកើតមានរឿងសោកសៅនេះឡើង។

សមត្ថកិច្ចបានអះអាងថា ការលង់ទឹកស្លាប់របស់ជនរងគ្រោះអាចបណ្តាលមកពីស្រវឹងស្រា។ សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់