ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់ របួសប្រអប់ជើងយ៉ាងខ្លាំង ដោយសារជិះកង់ទៅប៉ះជាមួយរថយន្តរបស់ក្រុមហ៊ុន រាជសីហ៍ ឡូជីស្ទិក RS.C25

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដែលបង្កដោយរថយន្តដឹកទំនិញធន់ធំ បានប៉ះជាមួយកង់ ដែលជិះដោយក្មេងប្រុសម្នាក់ បណ្តាលឲ្យដួលរួចត្រូវរថយន្តកិនបណ្តាលឲ្យរបួសធ្ងន់ផ្នែកប្រអប់ជើងខាងស្តាំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង១០នាទីថ្ងៃ ទី២២​ ខែមិថុនា ឆ្នាំ២០១៨ ដែលទីតាំងស្ថិតនៅក្បែររង្វង់មូលចោមចៅ ស្ថិតនៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តខាងលើជាប្រភេទរថយន្តដឹកទំនិញរបស់ក្រុមហ៊ុន រាជសីហ៍ ឡូជីស្ទិក RS.C25 ពាក់ស្លាកលេខ តាកែវ 3A-1850 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបើកបរក្នុងទិសដៅពីលិចទៅកើតតាមបណ្តោយផ្លូវជាតិលេខ៤ រួចបានបត់ស្តាំ បម្រុងឡើងទៅផ្លូវជាតិលេខ៣ តែខណ:ដែលកំពុងតែបួងចង្កូតបត់នោះ ក៏មានក្មេងប្រុសម្នាក់មិនស្គាល់អត្តសញ្ញាណដូចគ្នាបានជិះកង់មួយគ្រឿងបញ្រ្ចាសទិសជាមួយរថយន្តក៏បានទាក់ដៃកង់បណ្តាលឲ្យដួលកៀបនិងត្រូវរថយន្តកិនប្រអប់ជើងស្តាំបណ្តាលឲ្យរងរបួសធ្ងន់ផងដែរ។

ក្រោយពេលកើតត្រូវបានបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនោះនាំយកទៅសង្រ្គោះនៅមន្ទីរពេទ្យឯកជន ដែលនៅក្បែរនោះផងដែរ។ ចំណែកអ្នកបើកបររថយន្តត្រូវសមត្ថកិច្ចយករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលចោមចៅ៣ដើម្បីរង់ចាំកម្លាំងជំនាញចរាចរណ៍ក្រុងមកយកទៅរក្សាទុកដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់