ព័ត៌មានជាតិ

បុរស២នាក់ស្លាប់ ក្នុងករណីភ្លៀងធ្លាក់ខ្លាំងទឹកជំនន់ហូរបោកលិចលង់ នៅតំបន់ទេសចរណ៍ទឹកធ្លាក់ជ្រាវ

កំពង់ស្ពឺ: កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅស្ទឹងក្រាំងពន្លៃ ចំណុចដើមជ្រៃធំ ភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានមនុស្ស២នាក់ បានលង់ទឹកស្លាប់។

ជនរងគ្រោះមានឈ្មោះ មុំ សេង ភេទប្រុស អាយុ៦០ឆ្នាំ នៅភូមិសាលាលេខ៥ ឃុំសាលាលេខ៥ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ស្ពឺ។
និងឈ្មោះ គឺម ផាន់ ភេទប្រុស អាយុ៦១ឆ្នាំ នៅភូមិថ្នល់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

មុនពេលកើតហេតុ ជនរងគ្រោះ ឈ្មោះ មុំ សេង បាននាំកូនចៅនិងសាច់ញាតិ ទៅលេងតំបន់ទេសចរណ៍ទឹកធ្លាក់ជ្រាវ បន្ទាប់ពីត្រឡប់មកពីជ្រាវវិញ ក៏ឆ្លៀតចូលលេងស្ទឹងខាងក្រោយចម្ការក្រូច ឈ្មោះគឹម ផាន់ ជាមួយបងប្អូនកូនចៅ និងសាច់ញាតិក៏ចូលលេងក្នុងទឹកស្ទឹងជាធម្មតា ។
លុះដល់ម៉ោងកើតហេតុខាងលើ ក៏មានភ្លៀងធ្លាក់ជាខ្លាំង បន្ទាប់មកក៏មានទឹកជំនន់ហូរពីខាងលើយ៉ាងគំហក បានបោកជនរងគ្រោះឈ្មោះ មុំ សេង ពេលឃើញដូចនេះ ឈ្មោះ គឺម ផាន់ក៏បានស្ទុះលោតទៅជួយ ក៏បានទឹកបោកបាត់ខ្លួនទាំង២នាក់តែម្ដង។ ពេលឃើញហេតុការដូចនោះ កម្លាំងប៉ុស្តិ៍អមលាំង ដោយសហការជាមួយប្រជាការពារ ដែលការពារនៅទីនោះបានអន្តរាគមន៍ ចុះរាវរករហូតដល់ម៉ោង៥និង៣០នាទី ទើបរកឃើញសព នៅចំណុចក្រោមស្ពានភូមិទឹកចេញចម្ងាយ ២០០ម៉ែត្រ។

សមត្ថកិច្ចមូលដ្ឋាន ក្រោយពីជួយរកសពឃើញ ក៏បានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតរៀងៗខ្លួន ៕

មតិយោបល់