ព័ត៌មានជាតិ

ឆេះផ្ទះទាំងព្រឹក នៅខណ្ឌសែនសុខ ផ្អើលសមត្ថកិច្ច ចេញទៅជួយអន្តរាគមន៍

ភ្នំពេញៈ ផ្ទះមួយល្វែង ត្រូវបានអគ្គិភ័យឆេះឆាប បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះលេខ៥៤អ៊ឺ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្លង់ ខណ្ឌសែនសុខ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ម្ចាស់ផ្ទះខាងលើ បានជួលឲ្យទៅជនជាតិអូស្រ្តាលី បើកធ្វើរបរកែច្នៃកំប៉ុងស្រាបៀ និងចាក់ស្មាច់ ហើយត្រូវបានចប់កុងត្រានៅក្នុងថ្ងៃនេះតែម្តង ម្ចាស់ក៏ឈប់បន្តឲ្យជួលទៀតដែរ តម្រូវឲ្យអ្នកជួល ជាជនជាតិបរទេសរូបនោះ រើឥវ៉ាន់ និងសម្ភារចាកចេញ ។

ដោយគ្រាន់តែជនបរទេស ចាកចេញមិនទាន់បាន ៥នាទីផង ស្រាប់តែមានអគ្គិភ័យឆេះទ្បើងតាមក្រោយ និងមានភាយក្លិនសាំងក្រអូប ក៏ដូចជា ហុយផ្សែងចេញពីក្នុងផ្ទះតែម្តង ។

នៅពេលកើតហេតុភ្លាមៗ ពលរដ្ឋក្បែរជិតខាង បានជួយគាស់ ទ្វារបាញ់ទឹក និងបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ភ្លើង រួចទើបមានរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង មកជួយដែរ តែមិនបានបានបាញ់ទឹកទេ ដោយសារភ្លើងបានរលត់ទៅហើយ។

ករណីអគ្គិភ័យនេះ បានបណ្តាលឲ្យសម្ភារក្នុងផ្ទះរងការខូចខាត ហើយសមត្ថកិច្ច រកឃើញធុងហ្គាសចំនួន៣ធុង និងប៊ីដុងសាំងក្រអូប ដែលប្រជាពលរដ្ឋដាក់ការសង្ស័យទៅលើ ជនបរទេសរូបនោះ ជាអ្នកដុត ហើយចាកចេញទៅបាត់។

តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីអគ្គិភ័យនេះ មិនបង្កឲ្យរាលដាលដល់ផ្ទះផ្សេង ឬមានអ្នករងរបួសនោះទេ បច្ចុប្បន្នសមត្ថកិច្ច កំពុងបន្តស្រាវជ្រាវ និងស្វែងរក ជនបរទេសរូបនោះ ហៅមកសាកសួរ៕

មតិយោបល់