ព័ត៌មានជាតិ

កម្មការិនីរោងចក្រម្នាក់ បើកម៉ូតូវ៉ាជែងប៉ះទង្គិចគ្នា បណ្តាលឲ្យដួលខ្ទាតចូលកង់រថយន្តកិនស្លាប់

តាកែវ: នៅថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០៥និង១០នាទី មានករណីគ្រោះថ្នាក់ចរចរណ៍ មួយបានកើតឡើង កម្មការិនីរោងចក្រម្នាក់ បើកម៉ូតូវ៉ាជែងរថយន្តដឹកកម្មករ ទៅប៉ះទង្គិចម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យដួលខ្ទាតចូលកង់រថយន្តកិនស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ទីតាំងត្រង់ចំណុចផ្លូវលេខ១២១A ទិសដៅស្របគ្នាពីកើតទៅលិច ពីព្រៃល្វាទៅចំបក់ស្រុកបាទី ក្នុងភូមិច័ន្ទមង្គល ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខកំពង់ស្ពឺ 1N.0520 បើកបរដោយឈ្មោះ ម៉ាន់ គឹមលាង ភេទស្រី អាយុ ២៦ ឆ្នាំ មុខរបរកម្មការិនីរោងចក្រ រស់នៅភូមិរកា ឃុំស្នោ ស្រុកព្រៃកប្បាស (ពាក់មួកសុវត្ថិភាព) រងគ្រោះថ្នាក់ស្លាប់ នៅកន្លែងកើតហេតុ បានបើកម៉ូតូពីកើតទៅលិចដល់កន្លែងកើតហេតុ បានឡើងជែងរថយន្តមួយគ្រឿង ហើយក៏ជ្រុលទៅប៉ះម៉ូតូមួយគ្រឿងទៀត ដែលកំពុងបើកបរនៅពីមុខរថយន្ត បណ្តាលឲ្យម៉ូតូដួលទាំងពីរគ្រឿង ដោយម៉ូតូ មួយគ្រឿងខ្ទាតទៅចិញ្ចើមផ្លូវខាងជើង ម៉ូតូមួយគ្រឿងទៀតនិងអ្នកបើកបរខ្ទាតចូលរថយន្តកង់ក្រោយខាងស្តាំ បណ្តាលឲ្យកិនស្លាប់ ។

ម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខកណ្តាល 1AJ-9248 បើកបរដោយឈ្មោះ យ៉ូត ការីម ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរកសិកររស់នៅភូមិ ទួលសង្កែ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល រងរបួសស្រាល (មិនពាក់មួកសុវត្ថិភាព) ។

ចំណែករថយន្តម៉ាក ហ៊ីយ៉ាន់ដាយ 2.5 តោន ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3A.3819 បើកបរដោយឈ្មោះ ផៃ គឹមស៊ីង ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរបើករថយន្តដឹកកម្មករ រស់នៅភូមិ អំពិលកើត ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ គ្មានរបួស (គ្មានប័ណ្ណបើកបរ) ។

មូលហេតុ៖ ជែងក្នុងស្ថានភាពគ្រោះថ្នាក់ (ម៉ូតូបើកបរដោយឈ្មោះ ម៉ាន់ គឹមលាង ) ។

ករណីនេះកម្លាំងជំនាញបាននឹងកំពុងកសាងសំណុំរឿងតាមនីតិវិធី ។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងម៉ូតូពីរគ្រឿង និងរថយន្តមួយគ្រឿង បានដកហូតមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ៕

មតិយោបល់