ព័ត៌មានជាតិ

សហរដ្ឋ​អាមេរិក​​ កំពុង​បន្ត​ប្រតិបត្តិការ​ជម្លៀស​ពលរដ្ឋ​ខ្លួន​ និង​សម្ព័ន្ធមិត្ត​យ៉ាង​សស្រាក់​សស្រាំ​ ខណ:មនុស្ស​ដែល​រត់ភៀស​ខ្លួនមាន​កាន់តែច្រើន

៦ ថ្ងៃ​ តាំងពី​ក្រុមតាលីបង់​ត្រលប់ទៅ​ក្តោបក្តាប់​អំណាច​វិញ​សាជាថ្មី​ ភាព​ជ្រួល​ច្របល់​នៅតែ​បន្តកើតមានយ៉ាងខ្លាំង​ដដែល​ក្នុង​ប្រទេស​អាហ្វហា្កនីស្ថាន​។ នាខណៈពេលនេះ​ ថ្នាក់​ដឹកនាំ​កំពូល​តាលីបង់​កំពុងតែគិតគូរ​និង​ពិភាក្សាជាមួយ​ភាគីជាច្រើន​ ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ។​ ចំណែក​សហរដ្ឋអាមេរិក​ឯណោះវិញ​ កំពុងបន្ត​ប្រតិបត្តិការ​ជម្លៀស​ពលរដ្ឋអាមេរិកាំង​ និង​សម្ព័ន្ធមិត្ត​​អាហ្វហ្កានីស្ថាន​ដែលធ្លាប់បម្រើការងារ​ឲ្យខ្លួន​យ៉ាង​សស្រាក់សស្រាំ​ជាទីបំផុត​។

ស្របពេល​ដែល​ប្រតិបត្តិការជម្លៀស​កំពុងបន្តធ្វើ​ ប្រធានាធិបតីអាមេរិក​លោក ចូ បៃដិន បានមុខ​ថ្លែងជាថ្មី​ពី​ស្ថានការណ៍​ក្នុង​ប្រទេសអាហ្វហ្កានីស្ថាន​ កាលពីថ្ងៃសុក្រ​ម្សិលមិញនេះ​។ នៅក្នុង​អន្តរាគមន៍​ជាលើកទី២​ ក្រោយ​ក្រុង​កាប៊ុល​ធ្លាក់ក្នុងដៃពួក​តាលីបង់​ លោកបៃដិន បាន​គូសបញ្ជាក់ឲ្យដឹងថា​ សហរដ្ឋអាមេរិក​ជម្លៀស​មនុស្ស​បាន​ចំនួនប្រមាណ ១ម៉ឺន ៣ ពាន់​នាក់ហើយ​។

ថ្លែងចេញពីសេតវិមាន​ លោកបៃដិន ថា ការជម្លៀសមនុស្សចេញពី​អាហ្វហ្កានីស្ថាន​ គឺជា​ប្រតិបត្តិការ​ដ៏ធំ​ និងជាប្រតិបត្តិការដ៏ពិបាក​មួយ​ក្នុងប្រវត្តសាស្ត្រ​។ ក៏ប៉ុន្តែ​លោកថា​ ការ​ជម្លៀស​ពលរដ្ឋអាមេរិក​ដែលជា​អាទិភាពចំបងគេ​របស់​ក្រុងវ៉ាស៊ីនតាន មិន​ត្រូវ​បាន​រារាំង​ដោយ​ក្រុមតាលីបង់​ឡើយ​។

“ជនជាតិ​អាមេរិកណាម្នាក់​ដែលចង់ត្រលប់​មក​ស្រុកកំណើតវិញ យើងនឹងនាំ​អ្នកមក​ផ្ទះ​វិញ​”។ នេះជាការលើកឡើង​របស់​ម្ចាស់​សេតវិមានអាមេរិក។

មតិយោបល់