ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តដឹកជ្រូកមួយគ្រឿង បានដាច់ហ្វ្រាំងបួងចង្កូតគេចពីរថយន្តគេផ្សេងទៀត រួចកាច់សោពន្លត់ តែបែរជាមិនទាន់អស់ល្បឿនជ្រុលចង្កូតទៅបុករះម៉ូតូ២គ្រឿង ដែលកំពុងជិះនៅខាងមុខស្របទិសគ្នាពេញទំហឹង បណ្តាលឲ្យនិស្សិតពេទ្យស្រីម្នាក់ របួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនតាមរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនិងព្យាបាល។ ចំណែកស្ត្រីរួមនិងកូនតូចម្នាក់ទៀត រងរបួសយ៉ាងដំណំលើរាងកាយដូចគ្នា ត្រូវបានដឹកតាមម៉ូតូយកទៅព្យាបាលនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនិងកកស្ទះចរាចរណ៍យ៉ាងខ្លាំង កាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ មុខសាលាបឋមភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តខាងលើ មានឈ្មោះ ជួប ធារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើកបររថយន្តដឹកជ្រូក ស្នាក់នៅក្នុងភូមិឈូកសរ ឃុំសឹង ស្រុកសំរោង ខេត្តតាកែវ។ ចំណែកជនរងគ្រោះទាំង២នាក់ម្តាយកូនមានឈ្មោះ ដា ស្រីស្រស់ អាយុ២២ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រីឯកូនប្រុសតូច មានឈ្មោះ ខេត ពិថាត់ អាយុ២ខួបកន្លះ (រងរបួសយ៉ាងដំណំនៅលើរាងកាយ) ។រីឯនិសិ្សតពេទ្យស្រី ដែលរងរបួសធ្ងន់ធ្ងរម្នាក់ទៀត នៅមិនទាន់ស្គាល់ពីអត្តសញ្ញាណនៅឡើយទេ។
យោងតាមប្រភពព័ត៌មានពីបុរសអ្នកបើកបររថយន្តបង្ក បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្តធុនធំមួយគ្រឿង ពាក់ស្លាកលេខ តាកែវ 3A-3105 មានដឹកសត្វជ្រូកពេញលើរថយន្ត បើកបរដោយបុរសម្នាក់ ពីត្បូងមកជើង តាមបណ្តោយផ្លូវ២១៧ លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរបស់គាត់បានដាច់ហ្វ្រាំង ទើបគាត់ព្យាយាមបួងចង្កូតគេចពីរថយន្តគេផ្សេងទៀត ហើយកាច់សោរថយន្តពន្លត់ ប៉ុន្តែបែរជារថយន្តមិនទាន់អស់ល្បឿនបន្តជ្រុលទៅបុកនឹងម៉ូតូ២គ្រឿង ដែលកំពុងជិះនៅខាងមុខពេញទំហឹង រួមមានម៉ូតូម៉ាកគុបជ្រុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1B-1784 ជិះដោយនិស្សិតពេទ្យស្រីម្នាក់ អូសជាច្រើនម៉ែត្រ បណ្តាលឲ្យរបួសយ៉ាងធ្ងន់ធ្ងរ ហើយបន្តបុកម៉ូតូសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CC-9664 ដែលកំពុងជិះឌុបគ្នា២នាក់ម្តាយកូនបន្ថែមទៀត បណ្តាលឲ្យរងរបួសយ៉ាងដំណំនៅលើរាងកាយ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តសាមុយ មកដឹកជនរងគ្រោះជានិស្សិតពេទ្យដែលរបួសធ្ងន់យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យសួគ៌ា។ ចំណែកជនរងគ្រោះទាំង២នាក់ម្តាយកូនដែលរបួសធ្ងន់ ត្រូវបានដឹកតាមម៉ូតូយកទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យ។ រីឯអ្នកបើកបរម៉ូតូត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង នាំយករថយន្តនិងម៉ូតូទាំង២គ្រឿង រួមទាំងអ្នកបើកបររថយន្ត នាំទៅកាន់ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕
https://youtu.be/1t-wTa0sYuc
មតិយោបល់